
ភ្នំពេញ ៖ អាសូរណាសើ ស្ត្រីគរថ្លង់ម្នាក់ដើរឆ្លងផ្លូវ ត្រូវរថយន្តបែនដឹកដីកិនបណ្ដាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម ។
ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង៥:៣០នាទីល្ងាចថ្ងៃអាទិត្យ ទី៣ ខែកក្កដា ឆ្នាំ២០២២ ស្ថិតតាមបណ្ដោយផ្លូវវិមានឈ្នះ ឈ្នះ កែងនឹងផ្លូវបេតុងក្នុងភូមិឡកំបោ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
ប្រភពពីប្រជាពរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា ស្ត្រីរងគ្រោះខាងលើ តែងតែដើរឆ្លងកាត់និងផឹកស្រាជាប្រចាំ រហូតដល់ថ្ងៃកើតហេតុ ស្ត្រីរងគ្រោះបានដើរឆ្លងផ្លូវ ក៍មានរថយន្តបែនដឹកដីមួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ ៣F.០០២០ ធ្វើដំណើរតាមបណ្តោយផ្លូវវិថីឈ្នះឈ្នះ ទិសដៅពីលិចទៅកើត បានជ្រុលទៅបុក និងកិនអូសបណ្ដាលឲ្យស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័ម ចំណែកអ្នកបើករថយន្ត បានបើកទ្វាររថយន្តរត់គេចខ្លួនបាត់ស្រមោល។
ជនរងគ្រោះមានឈ្មោះ វិន វន ជាមនុស្សគរថ្លង់អាយុ៤៥ឆ្នាំ ស្នាក់នៅភូមិផ្សារ លិចសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ។
ពេលគ្រោះថ្នាក់កើតឡើង គេឃើញសាច់ញាតិជនរងគ្រោះបានយកសពចេញពីក្រោមរថយន្តទៅផ្ទះបាត់ដោយសមត្ថកិច្ចមិនទាន់បានវាស់វែង និងធ្វើកំណត់ហេតុប្រគល់សពនៅឡើយទេ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកធ្វើការវាស់វែងរួច យករថយន្តទៅរក្សាទុុក រងចាំដោះស្រាយគ្នានៅពេលក្រោយ៕