
បន្ទាយមានជ័យ ៖ អ្នកដឹកកូនឈើលក់ម្នាក់ត្រូវបានគេប្រទះឃើញស្លាប់ក្នុងប្រឡាយទឹក ដោយត្រូវរ៉ឺម៉កដឹកកូនឈើសង្កត់ពីលើ។
ហេតុការណ៍ខាងលើបង្កជាការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៣ៈ៣០នាទីរសៀល ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២២ នៅត្រងមុខលូប្រឡាយខាងលិច ក្នុងភូមិថ្មី ឃុំតាផូ ស្រុកស្វាយចេក ខេត្តបន្តាយមានជ័យ ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា នាវេលាម៉ោង០៣និង៣០នាទីរសៀល ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២២ មានករណីម៉ូតូសណ្ដោងរ៉ឺម៉ក់ម៉ាកវ៉េវអាល់ហ្វា ស្លាកលេខ បាត់ដំបងAJ ៣២៦៧ ពណ៌ខ្មៅ ដឹកកូនឈើលក់ បានធ្លាក់ចូលក្នុងទឹកប្រឡាយចម្ងាយប្រហែល៥០០ម៉ែតត្រ ចំណុចលូខ្ពស់ ដោយពុំឃើញម្ចាស់ ស្ថិតនៅខាងលិចភូមិថ្មី ឃុំតាផូ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។
សមត្ថកិច្ចបានបន្តថា ក្រោយពីទទួលបានដំណឹងភ្លាមៗនោះកម្លាំងសមត្ថកិច្ចយើងបានចុះទៅដល់កន្លែងកើតហេតុ និងបានសហការជាមួយប្រជាពលរដ្ឋរាវរកមនុស្ស ក៏ស្រាប់តែឃើញម្ចាស់រ៉ឺម៉កស្លាប់នៅក្នុងទឹកប្រឡាយក្រោមម៉ូតូសណ្តោងរ៉ឺម៉ក់ដឹកកូនឈើ ដោយមិនដឹងថា តាំងពីពេលណានោះទេ ។ ហើយក៏បានស្រង់សពជនរងគ្រោះឡើងមកលើគោក និងបានឆែកក្នុងកាបូបស្ពាយចំហៀងរបស់សពជនរងគ្រោះ ក៏បានប្រទះឃើញ
១ អត្តសញ្ញាណប័ណ្ណឈ្មោះ អិន សែន ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅភូមិកៀនកែស២ ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់បង
២ ទូរស័ព្ទម៉ាកសាំសុង ពណ៌ខ្មៅ
៣ លុយខ្មែរចំនួន៤៦០.៧០០រៀល និងកាតចាក់វ៉ាក់សាំងកូវីដ-១៩។
ក្រោយមកក៏បានធ្វើការស្រាវជ្រាវស្វែងរកសាច់ញាតិ និងរកឃើញក្រុមគ្រួសារផ្ទាល់ ក៏បានប្រគល់សពជនរងគ្រោះឲ្យទៅក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។
សមត្ថកិច្ចបានបន្ថែមទៀតថា មុនពេលកើតហេតុ ជនរងគ្រោះបានធ្វើដំណើរពីកើតទៅលិច លុះពេលមកដល់ចំណុចលូខ្ពស់ ដោយសង្ស័យថា ជនរងគ្រោះប្រហែលជាគេចគ្រលុក ក៏បណ្តាលឱ្យរ៉ឺម៉កប្រទាញម៉ូតូធ្លាក់ចូលទៅក្នុងប្រឡាយទឹកទាំងម៉ូតូ និងរ៉ឺម៉ក ហើយសង្កត់ពីលើមនុស្សនៅក្នុងទឹកឈ្លក់ស្លាប់តែម្តង ដោយគ្មានអ្នកដឹង និងជួយទាន់ពេលវេលា៕