
កំពង់ស្ពឺ ៖ រថយន្តម៉ាកតូយ៉ូតា អាល់ហ្វាត០១គ្រឿង បានជួបគ្រោះថ្នាក់ចរាចរណ៍ ក្រឡាប់ជាច្រើនត្រឡប់នៅលើកំណាត់ផ្លូវល្បឿនលឿន បណ្ដាលឲ្យមនុស្ស ០៤នាក់ រងរបួសធ្ងន់ និងម្នាក់ទៀត រងរបួសស្រាល ។
គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងកាលពីវេលាម៉ោងជិត ៤រសៀល ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចភូមិពាមទុង ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
សមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលកើតហេតុ មានរថយន្តមួយគ្រឿង ម៉ាកអាល់ហ្វាត (ALPHARD) ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BF-8590 បានដឹកអ្នកដំណើរជាជនជាតិកូរ៉េ ៣នាក់ និងស្ត្រីជាជនជាតិខ្មែរម្នាក់ ចេញពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ខេត្តព្រះសីហនុ ។
សមត្ថកិច្ចបានឱ្យដឹងទៀតថា រថយន្តខាងលើ បានបើកបរតាមបណ្ដោយផ្លូវល្បឿនលឿន ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចខាងលើ បានគេចរថយន្តមួយគ្រឿងទៀតដែលមិនស្គាល់ម៉ាក ហើយបានជាន់ហ្វ្រាំងពេលរថយន្ដកំពុងស្ថិតក្នុងល្បឿនលឿន បណ្ដាលឱ្យក្រឡាប់ជាច្រើនត្រឡប់ ធ្វើឱ្យអ្នកដំណើរជិះក្នុងរថយន្តរងរបួសធ្ងន់ទាំង ៤នាក់ តែម្ដង ចំណែកតៃកុង រងរបួសស្រាល ។
ជនរងគ្រោះទាំង០៥នាក់ឈ្មោះ
ទី១- ឈ្មោះ អាន់ ជុងហូ ភេទប្រុស អាយុ៥៧ឆ្នាំ (ជនជាតិកូរ៉េ)
ទី២- ឈ្មោះ អ៊ី សហា ភេទប្រុស អាយុ៤០ឆ្នាំ(ជនជាតិកូរ៉េ)
ទី៣- ឈ្មោះ គីម យ៉ុងហ៊ុន ភេទប្រុស អាយុ ៤៦ឆ្នាំ (ជនជាតិកូរ៉េ)
ទី៤- ឈ្មោះ មីន ធីតា ភេទស្រី អាយុ១៨ឆ្នាំ (ជនជាតិខ្មែរ)
និងទី៥- ឈ្មោះ ប៉ក់ ពឿន ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិព្រៃខ្លា ឃុំព្រៃកណ្ដៀង ស្រុកពាមរក៍ ខេត្តព្រៃវែង ជាអ្នកបើកបរ ។
ក្រោយកើតហេតុ កម្លាំងនគរបាលជំនាញបានដឹកបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់ភ្លាមៗ ។ ចំណែករថយន្ត សមត្ថកិច្ចបានស្ទូចយកទៅរក្សាទុកនៅអធិការស្រុកភ្នំស្រួច ៕