
ភ្នំពេញ ៖ ប្ដីប្រពន្ធពីរនាក់ បើករថយន្តងោកមួយភាំង រេចង្កូតធ្លាក់ចូលប្រឡាយទឹកស្អុយ បណ្ដាលឲ្យប្រពន្ធស្លាប់ ចំណែកប្ដីជួយសង្គ្រោះទាន់ពេល ។
ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង ជាង១រំលងអធ្រាត្រ ឈានចូលថ្ងៃសៅរ៍ទី២ ខែកក្កដា ឆ្នាំ២០២២ នៅតាមបណ្តោយផ្លូវហ្គេនភ្នំពេញ ឬហៅផ្លូវ៣០ម៉ែត្រ ក្នុងសង្កាត់ ច្រាំងចំរេះទី១ ខណ្ឌឬស្សីកែវ ។
ប្រភពពីសន្តិសុខបានឲ្យដឹងថា គាត់ឃើញរថយន្តរ៉ូកូឡា ពណ៌ស្ករ ពាក់ស្លាកលេខ បាត់ដំបង2A.2068 បើកតាមបណ្ដោយផ្លូវហ្គេនភ្នំពេញឬហៅផ្លូវ៣០ម៉ែត្រ ក្នុងទិសដៅពីជើងមកត្បូងក្នុងល្បឿនលឿន ពេលមកដល់ចំណុចកើតហេតុ ស្រាប់តែរេចង្កូតមកខាងស្តាំដៃធ្លាក់ចូល ប្រឡាយទឹកស្អុយហើយក៏ឃើញបុរសម្នាក់ ដែលជាប្ដីស្រវេស្រវាចេញពីរថយន្ត ខណៈ ពេលនោះកម្លាំងសន្តិសុខដែលយាមនៅទីនោះបានជួយចាប់ទាញដៃគាត់ឲ្យរួចផុតជីវិត នៅតែប្រពន្ធរបស់គាត់ជាប់នៅក្នុងរថយន្ត ហើយក៏លិចទៅបាត់ឈឹងជាមួយរថយន្ត រយៈពេលប្រហែល ០១ម៉ោងជាងទើបមានប្រជាពលរដ្ឋនាំគ្នាមុជចាប់ចងរថយន្តទាញឡើងមកលើ ហើយក៏ទាញស្ត្រីដែលត្រូវជាប្រពន្ធចេញពីរថយន្តយកមកលើគោក ជាអកុសលស្ត្រីនោះ បានស្លាប់បាត់បង់ជីវិតបាត់ទៅហើយ ។
ប្រភពពីប្ដីរបស់រងគ្រោះ បានឲ្យដឹងថាមុនកើតហេតុ ពួកគាត់បានចេញពីផឹកស៊ីក្នុងខេធីវីមួយកន្លែង ហើយត្រឡប់ទៅផ្ទះវិញ បានជិះតាមបណ្ដោយផ្លូវខាងលើ លុះមកដល់ចំណុចកើតហេតុខាងលើក៏ងោកមួយភាំង បណ្ដាលឲ្យរេចង្កូតធ្លាក់ចូលប្រឡាយទឹកស្អុយនេះតែម្ដងទៅ ។
សពស្ត្រីរងគ្រោះមានឈ្មោះ កង ភក្តី អាយុ៤១ឆ្នាំ រស់នៅផ្ទះE2 ផ្លូវE ភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ចំណែកឯប្ដីមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ឲ្យរថយន្តស្ទូចយករថយន្តចេញពីក្នុងទឹកទៅរក្សាទុកនៅអធិការដ្ថាននគរបាលខណ្ឌឬស្សីកែវ រួមទាំងកាបូបលុយរបស់ជនរងគ្រោះដែលនៅក្នុងនោះមានលុយចំនួន ៩៧០ដុល្លារលុយខ្មែរ ៤២ម៉ឺនរៀល ខ្សែក២ខ្សែ ចិញ្ចៀន២វង់ បន្តោងខ្សែកពីរនឹងទូរសព្ទដៃមួយគ្រឿងបានរក្សាទុកជូនជនរងគ្រោះនៅពេលក្រោយ ។
ចំណែកសពសមត្ថកិច្ចធ្វើកំណត់ហេតុ រួច ប្រគល់ឱ្យប្តីជនរងគ្រោះដឹកយកទៅបីធ្វើបុណ្យតាមប្រពៃណី៕