
ភ្នំពេញ ៖ បើតាមព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក ប្លង់ សុផល បានឲ្យដឹងថា សំណុំរឿងបុគ្គលម្នាក់ដែលប្រើអំពើហិង្សាវាយសមត្ថកិច្ចនគរបាលចរាចរណ៍ កំពុងបំពេញភារៈកិច្ចលើដងផ្លូវសាធារណៈ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ តំណាងអយ្យការបានបើកការស៊ើបសួរចោទប្រកាន់ចំនួន០២បទល្មើស ដោយ១-បទ ហិ.ង្សាដោយមានស្ថានទម្ងន់ទោស និង២- បទ ជេរប្រមាថជាសាធារណ: តាមបញ្ញតិមាត្រា២១៨ និងមាត្រា៣០៧ នៃក្រមព្រហ្មទណ្ឌ។
បន្ទាប់ពីតំណាងអយ្យការប្រកាសជាផ្លូវការហើយសំណុំរឿងបានចាត់បញ្ជូនទៅចៅក្រមស៊ើបសួរ ដើម្បីសម្រេចឃុំខ្លួនបុគ្គលរូបនោះ ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ដោយរង់ចាំកាត់ក្តីតាមផ្លូវច្បាប់ ។
សូមបញ្ជាក់ផងដែរថា ៖ សមត្ថកិច្ចជំនាញការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ បានឃាត់និងបញ្ជូនខ្លួនជនសង្ស័យម្នាក់ទៅសាលាដំបូងរាជធានីភ្នំពេញ ដែលពាក់ព័ន្ធនឹងករណីប្រឆាំងអ្នករាជការសាធារណៈ និងហិង្សាដោយចេតនា ។


