
ភ្នំពេញ ៖ ថយន្តស៊េរីទំនើបមួយគ្រឿងបើកបរក្នុងល្បឿនលឿន ហើយបានជ្រុលទៅបុកពីក្រោយរថយន្តកុងតឺន័រចតស្ងៀម បណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់ ដឹកយកទៅសង្រ្គោះបន្ទាន់ភ្លាមៗ ។
ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង ១២ៈ៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ តាមបណ្តោយផ្លូវមហាវិថីឈ្នះ ឈ្នះ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ប្រភពពីពលរដ្ឋដែឡឃើញហេតុការបានឲ្យដឹងថា គាត់បានឃើញរថយន្តកុងតឺន័រមួយគ្រឿង មិនចាំផ្លាកលេខ ឈប់នៅក្បែរដងផ្លូវវិមានឈ្នះឈ្នះ ពេលដែលតៃកុងមិននៅ មួយសន្ទុះក្រោយមកគាត់ឃើញបុរសម្នាក់ បានបើករថយន្តម៉ាកFord Ranger ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ2AB-5080 ធ្វើដំណើតាមផ្លូវវិមានឈ្នះឈ្នះ ក្នុងទិសដៅពីជើងមកត្បូងក្នុងល្បឿនយ៉ាងលឿន លុះមកដល់កន្លែងកើតហេតុបានជ្រុលទៅបុកពីក្រោយរថយន្តកុងតឺន័រដែលកំពុងចតស្ងៀមនោះពេញទំហឹង ធ្វើឲ្យរថយន្ដខូចខាតផ្នែកខាងមុខយ៉ាងដំណំ ហើយម្ចាស់រងរបួសធ្ងន់ ក្រោយមកត្រូវបានប្រជាពលរដ្ឋជួយគាស់ចេញ រួចហៅរថយន្តសាមុយ ដឹកយកទៅសង្រ្គោះបន្ទាន់ នៅឯមន្ទីរពេទ្យឯកជនមួយកន្លែង ភ្លាមនោះក៏តៃកុងរថយន្តកុងតឺន័របានបើករត់គេចខ្លួនបាត់។
បន្ទាប់ពីកើតហេតុគេឃើញមានសមត្ថកិច្ចមូលដ្ឋាននឹងផ្នែកជំនាញចរាចរណ៍ខណ្ឌពោធិ៍សែនជ័យ ចុះមកពិនិត្យ រួចទំនាក់ទំនងទៅក្រុមគ្រួសារឲ្យចុះមក ដើម្បីធ្វើកំណត់ហេតុប្រគល់រថយន្ត ឲ្យទៅក្រុមគ្រួសារ ដើម្បីយកទៅជួសជុលដោយខ្លួនឯង៕