
ក្រចេះ ៖ សមត្ថកិច្ចឃាត់ខ្លួន ជនសង្ស័យ០២នាក់ បន្ទាប់ពីកាប់ទៅលើភាគីមួយក្រុមទៀត បណ្តាលឱ្យយុវជនម្នាក់រងរបួសធ្ងន់ ។
ហេតុការណ៍នេះកើតឡើងនៅចំណុច ភូមិក្បាលស្នួល ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ កាលពីវេលាម៉ោងជិត ១២ ថ្ងៃត្រង់ ថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០២២ ។
ប្រភពពីសមត្ថកិច្ចបានឱ្យដឹងទៀតថា ក្រោយពីឃាត់ខ្លួន ជនសង្ស័យទាំងពីអ្នក បានសារភាពថា ពួកគេមានគ្នា ៣នាក់ បានជិះម៉ូតូ ០១គ្រឿង ម៉ាក់ឌ្រីមសង់ ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០១៥ ទៅលេងនៅវិមាន ២ធ្នូ ហើយក៏មានទំនាស់ជាមួយបុរសមិនស្គាល់អត្តសញ្ញាណចំនួន ៣នាក់ ក្នុងនោះមានម្នាក់កាន់ដុំថ្ម ម្នាក់កាន់ខ្សែក្រវ៉ាត់ និងម្នាក់ទៀតកាន់ដាវ ១ដើម ចាំស្ទាក់គប់ និងកាប់ពួកគេ។
ក្រោយពេលមានទំនាស់ ក្រុមជនសង្ស័យ ក៏បានជិះម៉ូតូទៅយកកាំបិតផ្គាក់ ដើម្បីទៅរកក្រុមជនរងគ្រោះ លុះជិះមកដល់មុខ សណ្ឋាគារចម្ប៉ាពេជ្រ ក៏បានកាប់ទៅលើបុរសម្នាក់ ដែលជិះម៉ូតូម៉ាក់ឌ្រីមសង់ម្នាក់ឯង ត្រូវចំក្បាល ផ្នែកខាងក្រោយ បណ្តាលរងរបួសធ្ងន់ធ្ងរ ។
ជនសង្ស័យពីរនាក់ខាងលើ ទី១-ឈ្មោះ ថន សុខហ៊ាង ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ និងទី២-ឈ្មោះ ឆន ម៉ាន់នី (ហៅតូនី) ភេទប្រុស អាយុ ២០ឆ្នាំ ។ អ្នកទាំងពីរស់នៅភូមិក្បាលស្នួល ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ ។ ចំណែកបក្ខពួកគេម្នាក់ទៀតកំពុងរត់គេចខ្លួន ៕
រីឯជនរងគ្រោះ រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗ នៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ ។
បច្ចុប្បន្ន ជនសង្ស័យទាំង ២នាក់ ត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកស្នួល ដើម្បីកសាងសំណុំរឿងបញ្ចូនទៅការិយាល័យជំនាញ ចាត់ការបន្តតាមនីតិវិធី ។