
ប៉ៃលិន ៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបាលប៉ៃលិន បានទទួលពាក្យបណ្តឹង០១ករណី ពីបទរំលោ.ភលើទំនុកចិត្ត ដោយស្គាល់ជាមួយជនរងគ្រោះ ស្រាប់តែជនសង្ស័យប្រើល្បិចខ្ចីម៉ូតូយកទៅទិញម្ហូបក្លែមកាលពីវេលាម៉ោង៣:៣០នាទីរសៀល ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ ក៏ស្រាប់តែទៅបាត់ស្រមោលតែម្តង ហេតុការណ៍ខាងលើនេះបានកើតឡើងនៅចំណុចភូមិតាង៉ែនលើ ស្ថិតក្នុងសង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។ ក្រោយពីទទួលបានពាក្យបណ្តឹង នគរបាលរដ្ឋបាលក្រុងប៉ៃលិន ក៏បានចុះស៊ើបអង្កេត រួចក៏ដឹងពីតម្រុយ បន្ទាប់មកក៏បានចុះចាប់ឃាត់ខ្លួនជនសង្ស័យតែម្តង។
ប្រភពសមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ នួន សារឿន ភេទប្រុស អាយុ៦១ឆ្នាំ ជាកសិករ រស់នៅភូមិ ឃុំកើតហេតុខាងលើ ដោយបានបាត់ម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ស៊េរី២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខប៉ៃលិន ១C-៥៤៩៨ ។
សមត្ថកិច្ចបានបន្តទៀតថា រហូតមកដល់វេលាម៉ោង០៤:០០នាទីរសៀល ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ ដោយមានការសម្របសម្រួលពីលោក ជា សា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តប៉ៃលិន បានដឹកនាំកម្លាំងជំនាញនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំស្ទឹងកាច់ បានចុះបង្ក្រាបឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់ នៅចំណុចភូមិផ្សារព្រំ ក្នុងឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ជនសង្ស័យទី០១ ឈ្មោះ សំ អាន ហៅកោប ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិចំការកាហ្វេ សង្កាត់ទួលល្វា ក្រុងប៉ៃលិន មានផ្ទុកសារធាតុញៀ.ន។
ជនសង្ស័យទី០២ ឈ្មោះ រ៉ា សាក់ ហៅវីន ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន មានផ្ទុកសារធាតុញៀ.ន។
ចំណែកវត្ថុតាងដែលដកហូតបាន រួមមាន ម៉ូតូម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ ផ្លាកលេខ ប៉ៃលិន១C-៥៤៩៨ ០១គ្រឿង។
ក្រោយពីសាកសួរ ជនសង្ស័យទាំងពីបានសារភាពថា ខ្លួនពិតជាបានខ្ចីម៉ូតូជនរងគ្រោះពិតប្រាកដមែន។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួន រួមទាំងវត្ថុតាង នៅអធិការដ្ឋាននគរបាលក្រុងប៉ៃលិន ដើម្បីអនុវត្តតាមនីតិវិធីបន្ត៕