
ភ្នំពេញ ៖ ម៉ូតូឃ្លីកមួយគ្រឿងជិះឌុបគ្នា២នាក់បងប្អូន ក្នុងល្បឿនលឿនជ្រុលទៅបុកស្ត្រីម្នាក់ដែលកំពុងដើរឆ្លងផ្លូវ បណ្តាលឲ្យដួលរងរបួសធ្ងន់បែកក្បាលហូរឈាមសន្លប់ស្តូកស្តឹង រីឯ២នាក់ទៀតរបួសស្រាល ។ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៦:៤៥នាទី ព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ ស្ថិតតាមបណ្ដោយផ្លូវចោមចៅ មុខច្រកចូលសាលាសង្កាត់ចោមចៅទី១ ភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញស្ត្រីរងគ្រោះជាកម្មការនីរោងចក្រ បានដើរថ្មើរជើងឆ្លងផ្លូវពីជើងទៅត្បូង បំណងឆ្ពោះទៅរោងចក្រ ខណៈដែលកំពុងដើរឆ្លងដល់ទ្រូងផ្លូវកណ្តាលហើយ ពេលនោះស្រាប់តែមានម៉ូតូឃ្លីកមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1BA-7876 ជិះឌុបគ្នា២នាក់បងប្អូន ប្រុសម្នាក់ ស្រីម្នាក់ បើកម៉ូតូក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនប្រញាប់ចូលធ្វើការរោងចក្រ ហើយក៌បានជ្រុលបុកស្រ្តីម្នាក់ពេញទំហឹង បណ្តាលឲ្យរងរបួសធ្ងន់ម្នាក់ បែកក្បាលហូរឈាម សន្លប់ស្តូក រីឯបុរសអ្នកបើកម៉ូតូ របួសស្រាល រយៈមុខមួយចំហៀង និងស្ត្រីរួមដំណើរ រងរបួសស្រាលដូចគ្នា ។
បន្ទាប់ពីកើតហេតុការណ៍ខាងលើកើតឡើងភ្លាមៗ ជនរងគ្រោះ ត្រូវបានរថយន្តគ្លីនិកឯកជនរស្មី ដឹកយកទៅសង្គ្រោះ ចំណែកឯម៉ូតូ និងអ្នកបើកបរ ត្រូវបានសមត្ថកិច្ចនាំយកទៅសាក់សួរនៅប៉ុស្តិ៍ រួចប្រគល់ឲ្យទៅជំនាញវាស់វែង ដើម្បីរងចាំដោះស្រាយនៅពេលក្រោយ ៕