
ភ្នំពេញ ៖ សេចក្តីរាយការណ៍ពីសមត្ថកិច្ចបានឱ្យដឹងថា បុរសម្នាក់បានជិះម៉ូតូយ៉ាងលឿន ក៏បានជ្រុលទៅបុកម៉ូតូកង់បីមួយគ្រឿង ហើយក៏ខ្ទាតទៅបុកម៉ូតូកង់បីមួយគ្រឿងទៀត បណ្តាលឲ្យធ្លាក់ប្រឡាយទឹកទាំង៣នាក់ឪពុកម្ដាយ និងកូនស្រីតូច តែសំណាងល្អ ត្រូវបានជួយសង្គ្រោះទាន់ពេលវេលា បង្កជាការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨:៣៥នាទីយប់ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ តាមបណ្ដោយផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិត្រពាំងទួល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។
សមត្ថកិច្ចបានបន្តទៀតថា ម៉ូតូបង្កខាងលើនេះម៉ាកសង់ប៊ិច ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ1Q-0639 បើកបរក្នុងទិសដៅពីកើតទៅលិច ចំណែកម៉ូតូកង់បី ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ1HO-6156 បើកស្របជាមួយជាមួយម៉ូតូសង់បិច ពណ៌ខ្មៅ ក្នុងទិសដៅពីកើតទៅលិច និងម៉ូតូកង់បី ពណ៌ស ពាក់ស្លាកលេខ ព្រៃវែង1U-0644 បើកឆ្លងផ្លូវក្នុងទិសដៅពីជើងទៅត្បូង ។
យោងតាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញម៉ូតូកង់បីមួយគ្រឿងបើកឆ្លងផ្លូវក្នុងទិសដៅពីជើងទៅត្បូង ក៏ស្រាប់តែឃើញម៉ូតូមួយគ្រឿងម៉ាកសង់ប៊ិច បើកបរក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនយ៉ាងលឿន។
ប្រភពដដែលបន្តថា ខណៈពេលដែលម៉ូតូបង្កបើកយ៉ាងលឿន ជាន់ហ្វ្រាំងមិនទាន់ ក៏បានបុកជាមួយនឹងម៉ូតូកង់បី ដែលបើកឆ្លងផ្លូវពេញទំហឹង ហើយក៏បានជ្រុលទៅបុកនឹងម៉ូតូកង់បីមួយគ្រឿងទៀត ធ្លាក់ចូលក្នុងប្រឡាយទឹកស្អុយទាំងដែលមានមនុស្សបីនាក់កំពុងជិះក្នុងនោះ ដែលមានប្រពន្ធនិងកូនស្រីតូចម្នាក់អាយុ៣ឆ្នាំ។
ក្រោយពេលកើតហេតុ ភាគីទាំងសងខាង បានជជែកយកត្រូវរៀងៗខ្លួន រហូតដល់សមត្ថកិច្ចនគរបាលប៉ុស្តិ៍បានទាក់ទងទៅផ្នែកជំនាញចរាចរណ៍ខណ្ឌ ដើម្បីយកម៉ូតូសង់ប៊ិច ព្រមទាំងម៉ូតូកង់បីទាំង២គ្រឿងយកទៅរក្សាទុក ដើម្បីរង់ចាំការដោះស្រាយតាមនីតិវិធីច្បាប់៕