
បាត់ដំបង ៖ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ បានអញ្ជើញជាគណៈអធិបតីពិធីបិទការប្រកួតកីឡាប៊ូល និងប៉េតង់ ពានរង្វាន់ឯកឧត្តម ស សុខា ឆ្នាំ២០២២ ប្រចាំខេត្តបាត់ដំបង ដែលរៀបចំដោយមន្ទីរអប់រំ យុវជន និងកីឡាខេត្តបាត់ដំបង ។
ថ្លែងក្នុងឱកាសនោះឯកឧត្តម ស សុខា បានវាយតម្លៃខ្ពស់ចំពោះការរៀបចំឲ្យមានការប្រកួតកីឡាប៊ូល និងប៉េតង់ ប្រចាំខេត្តបាត់ដំបង នាពេលនេះ ព្រោះជាការបំផុស និងជំរុញចលនាលេងកីឡាប៊ូល និងប៉េតង់ទូទាំងខេត្តបាត់ដំបង និងរួមចំណែកអូសទាញយុវជន អោយចូលរួមលេងកីឡា ចៀសឆ្ងាយពីគ្រឿងញៀន ក៏ដូចជាអំពើអបាយមុខផ្សេងៗ ។ លើកពីនេះក៏បានរួមចំណែកអភិវឌ្ឍវិស័យប៊ូល និងប៉េតង់កម្ពុជា តាមរយៈការផ្សព្វផ្សាយកីឡាប៊ូល និងប៉េតង់ បានទូទាំងប្រទេសផងដែរ ។ ឯកឧត្តម ស សុខា បានបន្តទៀតថា ការរៀបចំព្រឹត្តិការណ៍ប្រកួតនេះ ក៏បានរួមចំណែកដ៏សំខាន់ក្នុងការកសាងធនធានមនុស្សក្នុងវិស័យកីឡាប៊ូលនិងប៉េតង់ និងជាអ្នកបន្តវេន ប្រកបដោយសមត្ថភាព និងគុណផលខ្ពស់ កសាងធនធានមនុស្ស ឲ្យមានសុខភាពល្អ ដើម្បីអភិវឌ្ឍសង្គមជាតិឲ្យរីកចំរើនជានិរន្តរ៍ ស្របតាមការកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាលកម្ពុជា ពិសេសជាការបង្ហាញសាមគ្ដីភាពផ្ទៃក្នុង នៃគ្រួសារកីឡាប៊ូល និងប៉េតង់ខេត្តបាត់ដំបង ទៀតផង ។
សូមបញ្ជាក់ថា ការប្រកួតកីឡាប៊ូល និងប៉េតង់ ដណ្តើមពានរង្វាន់ឯកឧត្តម ស សុខា ប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ មានក្លិប /សមាគម ចូលរួមចំនួន ៣៩ មានកីឡាករ កីឡាការិនី សរុបចំនួន ២០៧នាក់ (ស្រី ៤០នាក់)។ វិញ្ញាសាដែលដាក់អោយចូលរួមប្រកួតមាន ៧វិញ្ញាសា រួមមាន ៖ ទី១. ៣ទល់៣នាក់ បុរសអាយុ ៤៦ឆ្នាំឡើង ទី២. វិញ្ញាសា ៣នាក់ទល់៣នាក់ បុរសអាយុ ១៩ឆ្នាំ ដល់ ៤៥ឆ្នាំ ទី៣. វិញ្ញាសា ៣ទល់៣នាក់ យុវជនអាយុក្រោម ១៩ឆ្នាំ ទី៤. វិញ្ញាសា ៣ទល់៣នាក់ នារី អាយុក្រោម ១៩ឆ្នាំ ទី៥.វិញ្ញាសាវាយយកពិន្ទុ បុរស ទី៦. វិញ្ញាសាវាយយកពិន្ទុ បុរស-នារី និងទី៧. វិញ្ញាសា Mix បុរស-នារី ៣នាក់ទល់៣នាក់៕