
កំពង់ស្ពឺ ៖ យុវជន ២នាក់ ជិះម៉ូតូឌុបគ្នា ដើម្បីទៅលេងនៅកន្លែងប្រគំតន្ត្រីស្រាបៀរមួយ តែមិនទាន់ទៅដល់គោលដៅផង ត្រូវជនសង្ស័យមួយក្រុមមិនស្គាល់អត្តសញ្ញាណជិះម៉ូតូមកពីក្រោយលបកា.ប់ បណ្ដាលឲ្យធ្លា.ក់ពីលើម៉ូតូរងរបួសយ៉ាងធ្ងន់ធ្ងរ ហើយបានស្លាប់ក្រោយពេលបញ្ជូនទៅសង្គ្រោះនៅបន្ទីពេទ្យ (ដោយសាររបួសធ្ងន់ធ្ងរពេក) ។
ករណីនេះបានកើតឡើង កាលពីវេលាម៉ោង៩ និង៣០នាទីយប់ថ្ងៃទី២៦ ខែមិថុនាឆ្នាំ២០២២ នៅចំណុចផ្លូវខាងជើងវត្តម្រុំ ស្ថិតក្នុងសង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
ប្រភពពីជនរងគ្រោះម្នាក់ទៀត ដែលធ្វើដំណើរជាមួយជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ ពួកគេចេញដំណើរពីផ្ទះ ដើម្បីទៅលេងកម្សាន្តនៅកន្លែងប្រគុំតន្ត្រីស្រាបៀរ តែពេលដែលពួកគេ កំពុងជិះឌុបគ្នា ចេញពីផ្ទះមកដល់ចំណុចកើតហេតុ ស្រាប់តែមានជនសង្ស័យមួយក្រុមជិះម៉ូតូមកកា.ប់ជនរងគ្រោះពីក្រោយ បណ្ដាលឲ្យជនរងគ្រោះធ្លាក់ពីលើម៉ូតូ រងរបួសយ៉ាងធ្ងន់ធ្ងរ ។
សមត្ថកិច្ចក្រុងច្បារមន បានឲ្យដឹងថា ជនរងគ្រោះ មានឈ្មោះ ហេង ហ៊ុយ ភេទប្រុស អាយុ ២៥ ឆ្នាំ រស់នៅភូមិក្រាំងស្នួល ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពី។
ជនរងគ្រោះ ត្រូវបាន ជនសង្ស័យ យកកាំបិត កាប់ចំកញ្ចឹង ក បណ្តាលឲ្យរងរបួសធ្ងន់ ហើយត្រូវបានសមត្ថកិច្វ ហៅរថយន្តសាមុយ ដឹកយកទៅសង្គ្រោះ ក៏ប៉ុន្តែដោយសារស្ថានភាពរបួសធ្ងន់ធ្ងរពេក ជនរងគ្រោះ បានស្លាប់នៅក្នុងមន្ទីរពេទ្យតែម្តង។
សមត្ថកិច្ច បានប្រគល់សពជនរងគ្រោះ ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី។ ក្នុងករណីនេះ សមត្ថកិច្ច បានដាក់ការសង្ស័យថា ជារឿងគំនុំ។
បច្ចុប្បន្នសមត្ថកិច្ខ កំពុងស្រាវជ្រាវ រកជនសង្ស័យ ដើម្បីនាំខ្លួនមកផ្ដន្ទាទោស តាមច្បាប់៕