
កំពង់ស្ពឺ ៖ ក្រុមចោរប្លន់មួយក្រុមប្រដាប់ដោយកាំបិត ជិះម៉ូតូដេញកាប់យុវជនពីរនាក់ យកម៉ូតូមួយគ្រឿងបានសម្រេច បណ្តាលឲ្យជនរងគ្រោះពីរនាក់រងរបួស រួចក្រុមចោរជិះម៉ូតូគេចខ្លួនដោយសុវត្ថិភាព ។
ករណីកាប់ប្លន់នេះ បានកើតឡើងកាលពីវេលាម៉ោងជិត ១ រំលងអាធ្រាត្រឈានចូលថ្ងៃទី ២៦ ខែ មិថុនា ឆ្នាំ២០២២ នៅតាមបណ្តោយផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៤៥ទៅលេខ៤៦ ស្ថិតនៅក្នុងភូមិរំលោង សង្កាត់សុព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។
ប្រភពពីជនរងគ្រោះ បានឲ្យដឹងថា ក្រុមចោរប្រដាប់ដោយកាំបិតផ្គាក់ បានកាប់ប្លន់យកម៉ូតូ០១គ្រឿង ម៉ាកហុងដាស្កូបពី ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០២០ ពាក់ស្លាកលេខ កណ្តាល1AD-5879 នៅចន្លោះគីឡូម៉ែត្រលេខ ៤៥-៤៦ នៅលើផ្លូវជាតិលេខ៤ ស្ថិតនៅក្នុងភូមិរំលោង សង្កាត់សុព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។
នៅមុនពេលកើតហេតុ ពួកគេបានជិះម៉ូតូឌុបគ្នា ស្រាប់មានជនសង្ស័យ ០៦នាក់ ជិះម៉ូតូ ០៣គ្រឿង ម៉ាកហុងដាសេ១២៥ ទាំង០៣គ្រឿង មានកាន់កាំបិតផ្គាក់៣នាក់ បានជិះតាមពីក្រោយពួកគេ លុះមកដល់ចំណុចកើតហេតុ ពួកគេក៏បានឈប់ម៉ូតូចាំមិត្តភក្តិ ស្រាប់តែក្រុមជនសង្ស័យ បានចុះពីលើម៉ូតូមកកាប់ជនរងគ្រោះចំនួន០១កាំបិតចំមួកសុវត្ថិភាព តែមិនបណ្តាលឲ្យរងរបួសនោះទេ និងកាប់មិត្តភក្តិពួកគេម្នាក់ទៀត ត្រូវដៃខាងឆ្វេង ភ្លាមនោះជនរងគ្រោះក៏បានរត់ចោលម៉ូតូ ហើយជនសង្ស័យក៏បានលើកម៉ូតូជនរងគ្រោះជិះទៅបាត់ដោយសុវត្ថិភាព ។
ជនរងគ្រោះទាំង០៣នាក់ឈ្មោះ
ទី១ឈ្មោះ បុឹង ចាន់ត្រូ ភេទប្រុសអាយុ ២០ឆ្នាំ រស់នៅភូមិដន្លង ឃុំក្រាំងចេក ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ
ទី២ឈ្មោះ សង ពិសិទ្ធ ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិជាមួយគ្នា
ទី៣ឈ្មោះ ក្រឹម រដ្ឋា ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិជាមួយគ្នា ។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះមកដល់កន្លែងកើតហេតុ ហើយបានសួរនាំជនរងគ្រោះ ដើម្បីកសាងសំណុំរឿង និងស្រាវជ្រាវរកក្រុមចោរទាំងនោះ មកផ្ដន្ទាទោសតាមច្បាប់ ។