តារា TikTok រូបនេះមានឈ្មោះ ថន សុខា ភេទស្រី អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិជ្រួយ សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ បានធ្វើសកម្មភាពលួចទូរស័ព្ទពីជនរងគ្រោះក្នុងអំពើលួចនេះមានឈ្មោះ រ៉ុម ស្រីពៅ ភេទស្រី អាយុ៣៨ឆ្នាំ មុខរបរលក់ដូរ។
ក្រោយពីទទួលបានព័ត៌មាន និងពាក្យបណ្តឹងរបស់ជនរងគ្រោះភ្លាម នគរបាលជំនាញ នៃអធិការដ្ឋាននគរបាលក្រុងសួង បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលវិហារលួង ចុះទៅដល់កន្លែងកើតហេតុ និងធ្វើការស្រាវជ្រាវ ទើបឈានដល់ការឃាត់ខ្លួនជនសង្ស័យកាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី១៨ ខែវិច្ឆិកាម្សិលមិញនេះ នៅចំណុចភូមិជ្រួយ សង្កាត់វិហារលួង ក្រុងសួង ខេត្តត្បូងឃ្មុំ រួចនាំទៅកាន់អធិការដ្ឋាននគរបាលក្រុងសួង ដើម្បីធ្វើការសាកសួរ ។
តារា Tik Tok ថន សុខា រូបនេះ បានសារភាពនៅចំពោះមុខសមត្ថកិច្ច និងទទួលស្គាល់ការពិតថា ដោយសារមូលហេតុអត់លុយដើរលេងពិធីបុណ្យអុំទូក។ បច្ចុប្បន្នដោយយោងទៅលើពាក្យបណ្តឹងរបស់ជនរងគ្រោះ និងចម្លើយសារភាពរបស់ជនសង្ស័យស៊ីសង្វាក់ពាក់ព័ន្ធនឹងបទល្មើស សមត្ថកិច្ចក៏បានកសាងសំណុំរឿង បញ្ជូនជនសង្ស័យទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមច្បាប់៕