
ភ្នំពេញ ៖យុវជនម្នាក់បានស្លាប់ភ្លាមៗបន្ទាប់ពីជិះម៉ូតទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតបណ្ដាលឲ្យដួលខ្ទាតចូលក្រោមរថយន្តកុងទឺន័រ ហេតការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង១១:៣០នាទីយប់ថ្ងៃសៅរ៍ ទី២៥ ខែមិថុនា ឆ្នាំ២០២២ ស្ថិតតាមបណ្ដោយផ្លូវវេងស្រេង ចំណុចមុខមន្ទីរពេទ្យឯករាជ្យ១ ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះខាងលើមានឈ្មោះ វាសនា សីហា អាយុ២៣ឆ្នាំ មានស្រុកកំណើតភូមិក្បាលដំរី ឃុំស្វាយយា ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ជិះម៉ូតូម៉ាកឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខ ស្វាយរៀង ១E ៣៨៥៥ ។ ចំណែកឯរថយន្តម៉ាកហ៊ីណូ ប្រភេទសណ្តោងទូរកុងតឺន័រ ក្បាលពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ៣F ១៧២៨ អ្នកបើករថយន្តបានរត់បាត់ស្រមោល។
ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះមកវាស់វែងរួចយករថយន្ត និងម៉ូតូទៅរក្សាទុក រងចាំដោះស្រាយនៅពេលក្រោយ ចំណែកសពសមត្ថកិច្ចធ្វើកំណត់ហេតុ រួចប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕