
សៀមរាប៖ បុរសម្នាក់បានសម្លាប់នារីម្នាក់ជាគូស្នេហ៍ស្លាប់នៅក្នុងបន្ទប់ជួលរួចដេកនៅជិតសពអស់រយៈពេល៣ថ្ងៃរហូតដល់ធុំក្លិនស្អុយព្រោះតែភ្លើងប្រច័ណ្ឌ។
ហេតុការណ៍ខាងលើកើតឡើងកាលពី ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ នៅក្នុងភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។
ប្រភពពីសម្ថកិច្ចបានឲ្យដឹងថា ម្ចាស់ផ្ទះបានផ្ដល់ព័ត៌មានពីការធំក្លិនស្អុយចេញពីបន្ទប់នោះ លុះដល់ពេលសមត្ថកិច្ចចុះទៅពិនិត្យមើលឃើញទ្វារបន្ទប់ចាក់សោរពីខាងក្រៅ ហើយនៅពេលគោះទ្វារឃើញក្នុងបន្ទប់បើកភ្លើងចោល ហើយក៏ទៅមើលតាមបង្អួចឃើញមនុស្សបុរសម្នាក់ សមត្ថកិច្ចខំហៅក៏មិនឆ្លើយតប ហើយឱ្យបើកក៏គេមិនបើកទៀត។ក្រោយមកសមត្ថកិច្ច ក៏បានសហការជាមួយម្ចាស់ផ្ទះ គាស់ទ្វារបន្ទប់ចូលស្រាប់តែឃើញបុរសនោះដេកឱបសាកសពលើគ្រែនៅក្នុងបន្ទប់នោះ។
ប្រភពដដែលបានបន្តថា បន្ទាប់ពីមកសមត្ថកិច្ចឃាត់ខ្លួនរួចធ្វើការសួរនាំបុរសនោះ បានឆ្លើយថាគាត់ជាអ្នកសម្លាប់សង្សារ ក្នុងមូលហេតុដោយសារភ្លើងប្រច័ណ្ឌ និងឈ្លោះគ្នា។
ប្រភពដែលបានបញ្ជាក់ថា បុរសជាជនសង្ស័យខាងលើមានគ្រួសាររួចទៅហើយ ប៉ុន្តែគាត់លួចមានស្រីស្នេហ៍ និងរស់នៅបន្ទប់ជួលជាមួយគ្នា ហើយបានប្រច័ណ្ឌខាងស្រីថាមានប្រុសផ្សេង ក៏ឈ្លោះប្រតាយប្រតប់គ្នាហើយយកដៃគ្រៀកកជនរងគ្រោះរហូតដល់ថប់ដង្ហើមស្លាប់។ ក្រោយស្លាប់ ជសង្ស័យមិនបានចេញទៅណាទេ គឺនៅដេកឱបសាកសពលើគ្រែតាំងពីថ្ងៃទី២១ ខែមិថុនា មករហូតដល់សពហើមស្អុយ។
ជនសង្ស័យមានឈ្មោះ សេង គឹមហួរ ភេទប្រុស អាយុ២៧ឆ្នាំ ស្រុកកំណើតនៅខេត្តតាកែវ ទីលំនៅបច្ចុប្បន្ន ភូមិរលួសកើត ឃុំរលួស ស្រុកប្រាសាទបាគង ខេត្ដសៀមរាប និងសពរងគ្រោះមានឈ្មោះ ផា រដ្ឋា ភេទស្រី អាយុ២៦ឆ្នាំ មុខរបរ អ្នកសាឡន ស្រុកកំណើតនៅភូមិទ័ពជ័យ ឃុំបឹងមាលា ស្រុកស្វាយលើ ខេត្ដសៀមរាប។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចនគរបាលក្រុងសៀមរាប កំពុងសួរនាំនឹងចាត់វិធានការទៅតាមនីតិវិធីច្បាប់៕