
ភ្នំពេញ ៖ សមត្ថកិច្ចបំបែកសំណុំមរឿង លោកយាយ អាយុ៧៧ឆ្នាំម្នាក់ ត្រូវជនមិនស្គាល់មុខ យកចបកាប់វាយបណ្ដាលឲ្យស្លាប់ ពេលនេះចាប់ជនដៃដល់បានហើយ កាលពីល្ងាចថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចគល់ស្ពានព្រែកព្នៅ ខាងកើតស្ថិតក្នុងភូមិ ព្រែកតារដ្ឋ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ ក្រោយពីរត់គេចខ្លួនបាន១៣ថ្ងៃ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមាន ឈ្មោះឯម ពិសិទ្ធ ភេទប្រុស អាយុ៣០ឆ្នាំ ត្រូវជាចៅបង្កើតរបស់លោកយាយរងគ្រោះ មានទីលំនៅ ចំណុចផ្ទះលេខ១៦៧A ផ្លូវជាតិលេខ៥ ក្រុម២ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាកខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ចំណែក លោកយាយ ដែលត្រូវចៅវាយសម្លាប់នឹងត្បូងចប ឈ្មោះ មុំ ហៀង ភេទស្រី អាយុ៧៧ឆ្នាំ។
គួររំលឹកដែរថា លោកយាយ ត្រូវបានឃាតករ លួចវាយជាច្រើនត្បូងចបបណ្ដាឲ្យដេកស្លាប់នៅមុខផ្ទះ កាលពីវេលាម៉ោង០៤ និង៤០នាទី ព្រឹកថ្ងៃទី១០ ខែ មិថុនា ឆ្នាំ២០២២នៅ មុខផ្ទះលេខ១៦៧ ផ្លូវជាតិលេខ ៥ ភូមិឡកំបោរ សង្កាត់ ស្វាយប៉ាក ខណ្ឌ ឫស្សីកែវរាជធានីភ្នំពេញ។
បន្ទាប់ពីមានករណីឃាតកម្មនេះ សមត្ថកិច្ច នគរបាលប៉ុស្តិ៍ ព្រមទាំង មន្រ្តីនគរបាលជំនាញបានចុះស្រាវជ្រាវ ហើយបានដាក់ការសង្ស័យ និងកំណត់មុខសញ្ញាថា ឃាតករ ជាចៅប្រុស បង្កើត ដែលជាមនុស្ស ញៀនថ្នាំ ហើយគេចខ្លួនបាត ។
បន្ទាប់ពីគេចខ្លួន បាន១៣ថ្ងៃ ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តី ស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួន បន្ទាប់ពីឃាត់ខ្លួន ចៅប្រុសរូបនោះបានសារភាពថា ខ្លួន ពិតជាវាយសម្លាប់ជីដូន នឹងត្បូងចបពិតប្រាកដមែន ។
តាមចម្លើយសារភាពរបស់ជនសង្ស័យបានឲ្យដឹងថា នៅយប់នោះ វេលាម៉ោង២និង១៥នាទីរំលងអាធ្រាត្រ ខ្លួនបានទិញស្រាថ្នាំកន្លះលីត្រមកផឹក នៅផ្ទះរហូតដល់ម៉ោងកើតហេតុ ខ្លួនបានចេញពីផ្ទះមកដល់កាំជណ្តើរ ហើយបានយកចបកាប់មកវាយជីដូន បណ្ដាលឲ្យស្លាប់នៅនឹងកន្លែងរួចរត់គេចខ្លួនបាត់ ទាក់ទិនរឿងរ៉ាវចៅប្រុស វាយសម្លាប់ជីដូននេះ គេពុំដឹងថា ផ្តើមចេញពីរឿងអ្វីពិតប្រាកដឡើយ តែគេសង្ស័យ ថា ដោយសារខឹងជីដូនស្តីបន្ទោសជារើយៗ ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា កន្លងមក ជីដូន បានស្តីបន្ទោស ជាបន្តបន្ទាប់ រឿងចៅប្រើប្រាស់គ្រឿងញៀន ផឹកស៊ី ដើរលេង ប៉ោឡែរ នៅយប់នោះ ខណៈពេល ដែលទិញស្រាផឹក ម្តាយបានស្តីបន្ទោស ស្រាប់តែ ផឹកស្រវឹង ទាញត្បូងចបវាយសម្លាប់ ជីដូន ដែលក្រោកដាំបបរអោយបណ្តាលអោយដេកស្លាប់នៅលើជណ្តើរ តែម្តង៕