

Information News Era
ភ្នំពេញ ៖ ប្រជាពលរដ្ឋ និងសមត្ថកិច្ចព័ទ្ធចាប់ជនសង្ស័យម្នាក់បានភ្លាមៗ និងម្នាក់ទៀតជិះម៉ូតូរត់បាត់ស្រមោល បន្ទាប់ជិះម៉ូតូប្រដេញកាប់ប្លន់យកម៉ូតូពីយុវជនពីរនាក់ ។
ករណីកាប់ប្លន់នេះ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២រំលងអាធ្រាត្រឈានចូលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចខាងត្បូងស្ពានអាកាសផ្សារដីហុយ តាមបណ្ដោយផ្លូវណតប្រ៊ីត ស្ថិតក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ប្រភពពីជនរងគ្រោះបានឲ្យថា មុនកើតហេតុពួកគេមានគ្នា៤នាក់ជិះម៉ូតូ៣គ្រឿង ដោយខ្លួននិងមិត្តភក្តិម្នាក់ទៀតជិះជាមួយគ្នា ម៉ូតូម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០២១ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1IV-7773 ចេញពីម្តុំកោះពេជ្រ ត្រលប់មកកន្លែងស្នាក់នៅវិញ ម្ដុំផ្សារដីហុយ ។
លុះមកដល់ចំណុចរង្វង់មូលនាងគង្ហីងស្រាប់តែមានក្រុមក្មេងទំនើងមួយក្រុម ជិះម៉ូតូជាច្រើនគ្រឿង ប្រដាប់ដោយកាំបិតបានដេញកាប់ពួកគេរហូតមកដល់ចំណុចភ្លើងស្តុបផ្សារដីហុយ ដោយមានការភ័យខ្លាចពួកគេ ក៏បានជិះម៉ូតូបំបែកគ្នា ហើយបន្ទាប់មកក្រុមក្មេងទំនើងទាំងនោះ បានបំបែកផ្លូវគ្នាដេញពួកគេរៀងៗខ្លួនដែរ។
ចំណែកពួកគេទាំងពីរនាក់ត្រូវបានជនសង្ស័យពីរនាក់ជិះម៉ូតូមួយគ្រឿងប្រដាប់ដោយកាំបិតជិះដេញកាប់ពួកគេរហូតដល់ចំណុចកើតហេតុខាងលើ ក៏ដួលម៉ូតូទៅលើចិញ្ចើមផ្លូវ ទើបពួកគេស្រែកថា ចោរៗធ្វើឱ្យផ្អើលដល់សន្តិសុខយាមនៅក្បែរកន្លែងកើតហេតុ និងប្រជាពលរដ្ឋនាំគ្នាផ្អើលឈូឆររួមនឹងសមត្ថកិច្ច បាននាំគ្នាព័ទ្ធចាប់បានជនសង្ស័យម្នាក់ និងកាំបិតមួយដើម ចំណែកបក្សពួកម្នាក់ទៀតបានជិះម៉ូតូរត់គេចខ្លួនបាត់។
ក្រោយកើតហេតុជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនទៅប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបែកក្អមដើម្បីធ្វើការសួរនាំបន្ត៕