
ភ្នំពេញ៖ មន្រ្តីនគរបាលម្នាក់ស្រវឹងស្រាហើយបើករថយន្តយ៉ាងលឿនក៏ជ្រុលទៅបុកក្បាលស្ពានអាកាសក្បាលថ្នល់ រួចក៏រេចង្កូតមកឆ្វេងដៃបន្តទៅបុករបាំងថ្មចែកផ្លូវឡើងលើស្ពាន បណ្តាលឲ្យខូចខាតផ្នែកខាងមុខយ៉ាងដំណំ។
ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង១ៈ២០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃពុធ ទី២២ ខែមិថុនា ឆ្នាំ២០២២ នៅតាមបណ្ដោយផ្លូវវិថីព្រះនរោត្តម ស្ថិតនៅត្រងគល់ស្ពានអាកាសក្បាលថ្នល់ទល់មុខនិងអគ្គស្នងការនគរបាលជាតិ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ម្ចាស់រថយន្តមានឈ្មោះ លឹម គុណនរះ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរជាមន្រ្តីនគរបាល រស់នៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ បើករថយន្តម៉ាកតូយូ តា ព្រូសពណ៌ទឹកប្រាក់ពាក់ស្លាកលេខនគរបាល2.0869 ជិះតែម្នាក់ឯង។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តម៉ាក តូយូតាព្រូស មួយគ្រឿង បើកបរតាមបណ្តោយផ្លូវវិថីព្រះនរោត្តម ក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនយ៉ាងលឿន លុះមកដល់នក្លែងកើតហេតុ បានជ្រុលទៅបុកក្បាលស្ពានអាកាសក្បាលថ្នល់ពេញទំហឹងរួចយរេចង្កូតទៅខាងឆ្វេងដៃបន្តបុករបាំងថ្មចែកផ្លូវឡើងលើស្ពានបែកបាក់របាំងថ្មអស់២កង់ រីឯរថយន្តខ្ទិចផ្នែកខាងមុខខូចខាតយ៉ាងដំណំ ក្នុងហេតុការខាងលើមិនបង្កឲ្យនណាម្នាក់ រងរបួសនោះទេ។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចជំនាញនគរបាលចរាចរណ៍ស្នងការាជធានីភ្នំពេញមកធ្វើការវាស់វែង រួចស្ទូចយករថយន្តទៅរក្សាទុករងចាំដោះស្រាយតាមផ្លូវច្បាប់៕