
បន្ទាយមានជ័យ ៖ សមត្ថកិច្ចដេញតាមចាប់ឃាត់ខ្លួនជនសង្ស័យ ០៣នាក់បានជាបន្តបន្ទាប់ ក្រោយពីពួកគេធ្វើសកម្មភាពឆក់កាបូបស្ពាយពីស្រ្តី ០២នាក់ដែលកំពុងជិះម៉ូតូតាមផ្លូវ បណ្ដាលឲ្យស្រ្តីទាំង ០២នាក់ដួលនឹងរងរបួសធ្ងន់ម្នាក់ ស្រាលម្នាក់ ហេតុការណ៍ខាងលើកើតឡើងកាលពីរសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចផ្លូវកោងភូមិតាស្មន់ ឃុំរលួស ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ខណៈដែលសមត្ថកិច្ចកំពុងដេញតាមចាប់ជនសង្ស័យទាំង ០៣នាក់ ប្រទះជួបជនមួយក្រុមកំពុងផ្តុំជក់គ្រឿងញៀន ក៏បានឃាត់ខ្លួននៅគ្រានោះដែរ។
ប្រភពពីសម្ថកិច្ចបានបន្តឲ្យដឹងទៀតថា ជនរងគ្រោះទាំង ០២នាក់ខាងលើ ទី១មានឈ្មោះ សៀង សារុំ ភេទស្រី អាយុ៤៧ឆ្នាំ រស់នៅភូមិរលួស ឃុំរលួស ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ជាអ្នកបើកម៉ូតូ ។ នឹងទី២មានឈ្មោះ ស៊ីវ ដាណេ ភេទស្រី អាយុ៣៦ឆ្នាំ រស់នៅភូមិក្លិង ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។ បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យទាំង ០៣នាក់ខាងលើសម្ថកិច្ចដកហូតបានវត្ថុតាង រួមមានលុយដុល្លារចំនួន១០៥០ ដុល្លារ ,លុយបាត៧,៥៣០០បាត, ខ្សែដៃមាស ទម្ងន់៥ ជី,ទូរសព្ទ័ ដៃ១គ្រឿងម៉ាកoppo,ប្រាក់ខ្មែរចំនួន ៩១០.០០០រៀល, កាតគ្រី ម៉ូតូ២សន្លឹក និងកាតចាក់វ៉ាក់សាំង ០១សន្លឹក ,អត្តសញ្ញាណ ប័ណ្ណសញ្ជាតិ្តខ្មែរ១សន្លឹក ។
ប្រភពដដែលបានបញ្ជាក់ទៀតថា នៅមុនកើតហេតុគេឃើញជនរងគ្រោះខាងលើជិះម៉ូតូហុងដាឌ្រីមឌុបគ្នា០២នាក់ ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ ស្រាប់តែជនសង្ស័យគ្នា ០៣នាក់ ជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ គ្មានស្លាកលេខ បានធ្វើសកម្មភាពឆក់កាបូបស្ពាយ បានសម្រេច ជិះគេចទៅបាត់ បណ្តាលឲ្យជនរងគ្រោះដួល រងរបួសធ្ងន់ម្នាក់ឈ្មោះ សុីវ ដាណេ បាក់ដៃឆ្វេង ហើយត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅមន្ទីរពេទ្យក្រុងសិរីសោភ័ណ ។ហេតុការណ៍ខាងលើកើតឡើងភ្លាមៗ កម្លាំងសមត្ថកិច្ច ចុះទៅអន្តរាគមន៍ នឹងដេញតាមស្វែងរកចាប់ខ្លួនជនសង្ស័យបានម្នាក់ ឈ្មោះ យ៉ុម តៃវ៉ាន់ ភេទប្រុស អាយុ២២ឆ្នាំ រួមជាមួយម៉ូតូ០១គ្រឿង នាំទៅសាកសួរ លុះដល់វេលាម៉ោង៤រសៀលថ្ងៃដដែល កម្លាំងសមត្ថកិច្ចសហការបន្តស្រាវជ្រាវ នឹងចាប់បានេះនសង្ស័យ ០២នាក់ទៀត ។ទី១ ឈ្មោះ រ៉ូ ឌី ភេទប្រុសអាយុ១៩ឆ្នាំ រស់នៅភូមិពាមឯក ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។ នឹងទី២ ឈ្មោះ ឃឿត ផាន ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិគង់ទុំ ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង។
ក្រោយពីកើតហេតុជនសង្ស័យទាំង០៣នាក់ រួមជាមួយវត្ថុតាងត្រូវបានសមត្ថកិច្ចនាំទៅសាកសួរនិងកសាងសំណុំរឿងនៅផ្នែកជំនាញ នៃអធិការដ្ឋានស្រុកស្វាយចេក ។ ចំណែកកាបូប និងសម្ភារៈ សមត្ថកិច្ចបានប្រគល់ជូនជនរងគ្រោះវិញហើយ ។
សមត្ថកិច្ចបន្តទៀតថា កម្លាំងកំពុងប្រតិបត្តិការដេញតាមចាប់ជនសង្ស័យឆក់កាបូប ស្រាប់តែប្រទះជួប ជនមួយក្រុមគ្នា៥នាក់ កំពុងផ្តុំគ្នាជក់គ្រឿងញៀន សមត្ថកិច្ចក៏ចាប់ឃាត់ខ្លួន នាំទៅផ្នែកជំនាញផងដែរ ៕