
ខេត្តកណ្តាល ៖ យុវជនម្នាក់ ដុតផ្ទះម្តាយខ្លួនឯងឆេះខ្ទេចគ្មានសល់ ព្រោះសុំលុយគាត់ ៣០ដុល្លារ ដើម្បីយកទៅលួសទូរស័ព្ទមិនបាន ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងជាង ៦ល្ងាច ថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ ២០២២ នៅចំណុចភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនសង្ស័យបានទារលុយពីម្ដាយ ជាជនរងគ្រោះ ចំនួន ៣០ដុល្លារ ដើម្បីយកទៅលោះទូរស័ព្ទ តែម្ដាយមិនឱ្យ ធ្វើឱ្យជនសង្ស័យខឹង បាននិយាយគំរាមថា តិចទៀតដឹងគ្នាហើយនឹងមានអីកើតឡើង ។ បន្ទាប់ពីនិយាយរួច ជនសង្ស័យបានដើរចេញពីផ្ទះបាត់ទៅ លុះដល់វេលាកើតហេតុខាងលើ ស្រាប់តែឃើញជនសង្ស័យបានដើរត្រឡប់មកផ្ទះវិញ ឃើញដូចនោះ ជនរងគ្រោះខ្លាចជនសង្ស័យអុកឡុកទារលុយទៀត ក៏បាននាំកូនស្រីឡើងទៅលើផ្ទះទាញទ្វារបិទ ចំណែកឯងជនសង្ស័យដើរចូលទៅក្នុងផ្ទះជាន់ក្រោម បានរយៈពេលប្រហែល ២០នាទីក្រោយមក ស្រាប់តែជនរងគ្រោះធុំក្លិនឈ្ងៀមផ្សែងភ្លើង ពេលនោះជនរងគ្រោះបានបេីកទ្វារចេញមកឃើញភ្លើងឆេះពីបន្ទប់ខាងក្រោមផ្ទះយ៉ាងសន្ធោសន្ធៅ ហើយបានឃើញជនសង្ស័យដើរចេញទៅពួនក្រោយផ្ទះ ពេលគេផ្អេីលឆោឡោស្រាប់តែជនសង្ស័យបានរត់គេចខ្លួនបាត់តែម្ដង ។
បន្ទាប់មកជនរងគ្រោះក៏បានរាយការណ៍ប្រាប់សមត្ថកិច្ចឱ្យជួយអន្តរាគមន៍ហៅរថយន្តពន្លត់អគ្គីភ័យ និងបានឃាត់ខ្លួនជនសង្ស័យបញ្ជូនបន្តមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅដេីម្បីធ្វេីការសាកសួរ ។
ជនរងគ្រោះជាម្តាយបង្កើតមានឈ្មោះ ចាប ចាន់ណារី អាយុ ៥១ឆ្នាំ ជនជាតិខ្មែរ មុខរបរ មន្ត្រីសាលាខេត្តកណ្តាល ។
ចំណែកជនសង្ស័យជាកូនមានឈ្មោះ ស៊ិន ប្រសិដ្ឋ ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ អ្នកទាំងពីររស់នៅភូមិ-ឃុំ កើតហេតុ ។
ទំហំនៃការខូចខាត ក្នុងករណីអគ្គិភ័យនេះមាន ផ្ទះ១ខ្នង ធ្វើអំពីថ្មក្រោម ឈើលើ ដំបូលស័ង្កសីទំហំ ៥ម×៧ម, ឆេះខ្ទេច ប្រាក់រៀលចំនួន ៤០ម៉ឺន ប្រាក់ដុល្លារជាងមួយពាន់ដុល្លារ សម្ភារ:ប្រើប្រាស់ក្នុងផ្ទះឆេះអស់ទាំងស្រុង ព្រមទាំងឯកសារមួយចំនួន ។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនដេីម្បីកសាងសំណុំរឿងតាមនីតិវិធី ៕