
ព្រះសីហនុ ៖ សមត្ថកិច្ចក្រុងព្រះសីហនុ សហការជាមួយ សមត្ថកិច្ចខេត្តកណ្ដាល ធ្វើការស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធការណីជួញដូរអាវុធ ។
ការឃាត់ខ្លួននេះធ្វើឡើង កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២ ស្ថិតក្នុងបូរីទួលសង្កែ ភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្ដកណ្ដាល ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា បន្ទាប់ពីបានបង្ក្រាបបទល្មើសប្រដាប់អាវុធ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ ចំណុចភូមិ៦ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ រួចមក កម្លាំងជំនាញធ្វើការស្រាវជ្រាវបន្ត ហើយបានសហការគ្នាតាមបង្ក្រាបចាប់ខ្លួនបានជនសង្ស័យម្នាក់ ជាអ្នកជួញដូរអាវុធនៅក្នុងស្រុកល្វាឯម ខេត្តកណ្តាល ។
ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ យិន ថារ៉ា ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរជាងដែក មានទីលំនៅក្នុងបូរីទួលសង្កែ ភូមិអរិយក្សត្រ ឃុំអរិយក្សត្រស្រុកល្វាឯម ខេត្ដកណ្ដាល ។
វត្ថុតាងដែលសមត្ថកិច្ចដកហូតបានមានអាវុធខ្លី៣ដើម ៖
អាវុធខ្លីម៉ាកGlook19 លេខBPRV205 ,
អាវុធខ្លីម៉ាកGlook លេខEVO403 ,
អាវុធវែងម៉ាក CZ SCORPION EVO3A1
និងសម្ភារៈ បំពង់ខ្ទប់សម្លេងចំនួន១០ គ្រាប់អាវុធខ្លីប្រភេទ9mm ចំនួន៤២៦គ្រាប់ បង់ចំនួន០៦ ខ្លីចំនួន០៤ វែងចំនួន០២ សម្ភារៈជួសជុលអាវុធមួយចំនួនទៀត ។
ក្រោយឃាត់ខ្លួន ជនសង្ស័យនិងវត្ថុតាង សមត្ថកិច្ចបាននាំយកទៅសាកសួរ និងកសាងសំណុំរឿងនៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕