
ភ្នំពេញ ៖ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណៈកម្មការទទួលបន្ទុករួម នៃគណៈកម្មការបច្ចេកទេសរៀបចំការប្រកួតកីឡាឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិ ឆ្នាំ២០២២ នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការបច្ចេកទេសរៀបចំការប្រកួតកីឡាឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិ ឆ្នាំ២០២២ នៅសាលប្រជុំមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ស សុខា បានគូសបញ្ជាក់ថា ប្រភេទកីឡាដែលដាក់ឱ្យប្រកួតមានចំនួន ១២ប្រភេទកីឡា លើវិញ្ញាសា ចំនួន ៨៨ ហើយតាមរយៈការរៀបចំប្រកួតនេះ ឯកឧត្តមជឿជាក់ថា នឹងអាចរកឃើញអត្តពលិកមានគុណផលល្អៗ ចេញពី ១២ប្រភេទកីឡានេះ ។
ឯកឧត្តមរដ្ឋលេខាធិការ បន្តទៀតថា ការរៀបចំប្រកួតកីឡានិស្សិតឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេក
ទេសថ្នាក់ជាតិ ឆ្នាំ២០២២ សំដៅប្រមូលផ្តុំកីឡាករ កីឡាការិនី ដែលជាមហាជន សិស្សា នុសិស្ស ដែលស្រឡាញ់វិស័យកីឡា ឱ្យមានឱកាសបានចូលរួមប្រកួតប្រជែង ចែករំលែកបទពិសោធន៍ បង្កើនភាពសប្បាយរីករាយ ពង្រឹងកាយសម្បទាមាំមួន បង្កើនកម្លាំងបញ្ញាស្មារតីឈ្លាសវៃ និងចៀសផុតពីអំពើអសកម្មនានានៅក្នុងសង្គម។ ជាងនេះទៅទៀត កីឡាករ កីឡាការិនី អាចនឹងក្លាយជាកីឡាករ កីឡាការិនី ដែលមានកម្រិតខ្ពស់ អាចឈានដល់ការចូលរួមប្រមូលផ្តុំជាមួយក្រុមជម្រើសជាតិកម្ពុជា នាពេលអនាគត ។
ឯកឧត្តម ស សុខា គូសបញ្ជាក់ផងដែរថា ការរៀបចំព្រឹត្តិការណ៍ប្រកួតនេះគឺដើម្បីបង្កើនសុខុមាលភាពទាំងផ្លូវកាយ ផ្លូវបញ្ញា របស់សិស្សានុសិស្សផង និងចូលរួមចំណែកលើកស្ទួយកិត្យានុភាពជាតិលើឆាកអន្តរជាតិផង និងជាពិសេសទៀតនោះ ដើម្បីត្រៀមលក្ខណៈសម្បត្តិ អោយបានល្អប្រសើរ សម្រាប់ការចូលរួមប្រកួតលើឆាកអន្តរជាតិ នាថ្ងៃអនាគត និងស្វែងរកកីឡាករ-កីឡាការិនីបន្តវេនដ៏មានសក្កានុពល ចេញពីកីឡានិស្សិតឧត្តមសិក្សា និងមធ្យមសិក្សា ។
ក្នុងនាមក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណៈកម្មការទទួលបន្ទុករួម ឯកឧត្តម ស សុខា បានថ្លែងអំណរគុណ និងកោតសរសើរចំពោះឯកឧត្តម លោកជំទាវ អស់លោក លោកស្រីជាប្រធាន អនុប្រធាន និងសមាជិក សមាជិកាគណៈកម្មការ និងអនុគណៈកម្មការជំនាញទាំងអស់ ពិសេសលោក ហួត សេងទ្រី ប្រធាននាយកដ្ឋានរៀបចំ និងគ្រប់គ្រងព្រឹត្តិការណ៍កីឡា ដែលបានសហការជាមួយសហព័ន្ធជាតិទាំង១២ រួមទាំងមន្ត្រីក្រោមឱវាទ ក៏ដូចជាផ្នែកពាក់ព័ន្ធទាំងអស់ ដែលបានខ្នះខ្នែងយកអស់កម្លាំងកាយចិត្ត ដើម្បីរៀបចំការប្រកួតប្រចាំឆ្នាំ ដ៏មានសារៈសំខាន់នេះ ។
សូមបញ្ជាក់ថា ការប្រកួតកីឡាឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិ ឆ្នាំ២០២២ នេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២១ ដល់ទី៣០ ខែមិថុនា នៅរាជធានីភ្នំពេញ ដោយធ្វើប្រកួតទៅលើវិញ្ញាសា ចំនួន ៨៨វិញ្ញាសា និងប្រភេទកីឡា ចំនួន ១២ រួមមាន ៖ បាល់ទាត់ បាល់ទះ បាល់បោះ អត្តពលកម្ម ប៉េតង់ ហែលទឹក វាយកូនឃ្លីលើតុ វាយសី តេក្វាន់ដូ (WT) តេក្វាន់ដូ (ITF) ការ៉ាតេ និងសីប៉ាក់តាក្រ៕