បន្ទាយមានជ័យ ៖ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធាន ស.ស.យ.ក. ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ បានលើកឡើងថា “យុវជនជាកម្លាំងចលករដ៏សំខាន់ និងមិនអាចខ្វះបាន ក្នុងកិច្ចការងារជួយសង្គមជាមួយរាជរដ្ឋាភិបាល គ្រប់រូបភាព ។ នៅពេលដែលប្រទេសជាតិ ជួបទុក្ខលំបាក តែងមានយុវជនជួយសម្របសម្រួលកិច្ចការផ្សេងៗជាមួយថ្នាក់ដឹកនាំ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ពិសេសប្រជាពលរដ្ឋ ដោយមិនគិតពីការនឿយហត់ ក្តៅ រងា គ្រោះថ្នាក់ ពោលគឺយុវជនតែងតែនៅជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈ” ។ ការថ្លែងបែបនេះរបស់ឯកឧត្តម ស សុខា ក្នុងឱកាសដែលឯកឧត្តម ស សុខា រួមនឹងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងប្រគល់លិខិតថ្លែងអំណរគុណដល់ ស.ស.យ.ក. ខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅនេះ ។
ឯកឧត្តម ស សុខា ក៏បានគូសបញ្ជាក់ដែរថា ជាក់ស្តែងសកម្មភាពរបស់យុវជនកន្លងមក បានបង្ហាញពីឆន្ទៈយ៉ាងមោះមុតក្នុងការចូលរួមជាមួយសង្គម ដូចជា ៖ ការចុះជួយប្រជាពលរដ្ឋជួបគ្រោះធម្មជាតិនានា ក្រីក្រ និងចាស់ជរាគ្មានទីពឹង ការជួយសម្របសម្រួល និងឧបត្ថម្ភជាគ្រឿងឧបភោគ-បរិភោគ ភេសជ្ជៈ ដល់ពលរដ្ឋធ្វើចត្តាឡីស័ក និងកើតជំងឺកូវីដ-១៩ ការចូលរួមសម្របសម្រួលពលរដ្ឋទទួលការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ។ល។ និង។ល។
អត្ថបទ ៖