
កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២កម្លាំងនគរបាលស្រុកកណ្តាលស្ទឹង សហការជាមួយនគរបាលស្រុកបាទី និងនគរបាលស្រុកគង ពិសី បានធ្វើការឃាត់ខ្លួនក្រុមចោរឆក់ ០២នាក់ និង០២នាក់ទៀតគេចខ្លួនបាត់ ។
ការឃាត់ខ្លួននេះបានធ្វើឡើង កាលពីវេលាម៉ោង០១:១០នាទីរសៀល នៅចំណុចភូមិបុណ្ណា ឃុំព្រះពុទ្ធ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។
ជនសង្ស័យទី០១ឈ្មោះ ឃឹម សុខហេង ភេទប្រុស អាយុ១៥ឆ្នាំ មានទីលំនៅភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរសិស្ស ។
ទី០២ឈ្មោះ ឡាយ ម៉េងឈី ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិព្រែកកំពឹស សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ មុខរបរជាអ្នកដឹកជញ្ជូន។
ទី០៣ឈ្មោះ ឈួន គីមឡាយ មានទីលំនៅ រាជធានីភ្នំពេញ គេចខ្លួន និងទី០៤មិនស្គាល់អត្តសញ្ញាណ ត្រូវបានគេចខ្លួនបាត់ដូចគ្នា។
ប្រភពពីសមត្ថកិច្ចបានបញ្ជាក់ថា នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង១១:៣០នាទី ក្រុម ជនសង្ស័យបានជិះម៉ូតូ០២គ្រឿង មានគ្នា០៤នាក់ ដោយជនសង្ស័យឈ្មោះ ឡាយ ម៉េងឈី ជាអ្នក បើកបរម៉ូតូ ម៉ាក Suzuki nex ពណ៌ផ្កាឈូកលាយ ស ឈ្មោះ ឃឹម សុខហេង ជិះខាងក្រោយ និងឈ្មោះ ឈួន គឹមឡាយ ជាអ្នកបើកម៉ូតូមួយទៀត ម៉ាក Suzuki nex ពណ៌ ស ឌុបជនសង្ស័យម្នាក់ទៀតដែលមិនស្គាល់អត្តសញ្ញាណ បានជិះចេញពីហាងកាហ្វេមួយកន្លែងនៅម្តុំចំការដូង រាជ ធានីភ្នំពេញ ដើម្បីទៅលេងផ្ទះជនសង្ស័យឈ្មោះ ឡាយ ម៉េងឈី នៅខេត្តតាកែវ តាមផ្លូវជាតិលេខ២ ។
លុះដល់ចំណុចកើតហេតុជនសង្ស័យឈ្មោះ ឈួន គីមឡាយ បានជិះម៉ូតូទៅក្បែរជនរងគ្រោះ ភេទ ស្រី ដែលជិះម៉ូតូ តែម្នាក់ឯង ភ្លាមនោះជនសង្ស័យដែលជិះខាងក្រោយបានធ្វើសកម្មភាពឆក់កាបូបស្ពាយរបស់ជនរងគ្រោះ ហើយយកជើងធាក់ម៉ូតូជនរងគ្រោះបណ្ដោយឲ្យដួល រួចជិះគេចខ្លួន ពេលនោះកម្លាំងផ្នែក ព្រហ្មទណ្ឌស្រុកកំពុងល្បាតបានឃើញសកម្មភាព ក៏ដេញតាមពីក្រោយ និងបានសហការជាមួយ កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកបាទី និងកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកគងពិសី បានធ្វើ ការឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់ នៅចំណុចភូមិកក់ធំ ឃុំមហា ឬស្សី ស្រុកគងពិសី ខេត្តកំពង់ ស្ពឺ រួចបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹង ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ច្បាប់៕