
បន្ទាយមានជ័យ ៖ រថភ្លើងបុកគ្នាជាមួយរថយន្ដធុនធំមួួយគ្រឿង បណ្តាលឱ្យក្រឡាប់ផ្ងារជើង ។
ហេតុកាណ៍ខាងលើកើតឡើងកាលពី វេលាម៉ោង៩យប់ថ្ងៃទី១៦ មិថុនា ឆ្នាំ២០២២ ស្ថិតនៅក្នុងភូមិអូរស្ងួត ឃុំអូរប្រាសាទ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
អ្នកបើកបររថយន្តមានឈ្មោះ ពាន់ ពៅ ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិលៀប ឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប ។
ប្រភពពីសម្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថភ្លើងដែលមានលេខពីមុខ៦៦៥៧ បានបើកបរពីខេត្តបាត់ដំបង មកខេត្តបន្ទាយមានជ័យ លុះមកដល់ត្រងចំណុចផ្លូវបំបែកប្រមាណ២០០ម៉ែត្រ ពីផ្លូវជាតិលេខ៥ ដែលតភ្ជាប់ផ្លូវជាតិពីភូមិអូរស្ងួតស្រុកមង្គលបូរី ទៅស្រុកបវិល ខេត្តបាត់ដំបង បានបុកចំពាក់កណ្តាលរថយន្តធុនធំប្រភេទផ្លូវ៥ ពាក់ផ្លាក់លេខភ្នំពេញ3D.5575 ដែលដឹកដំឡូងមីស្ងួតពេញបុក ហើយរុញប្រមាណជិត២០០ម៉ែត្រក្រឡាប់ផ្ងារជើងនៅខាងកើតផ្លូវដែក តែតែមិនបណ្ដាលឲ្យនណាម្នាក់រងរបួសនោះឡើយ ។
ប្រភពពីម្ចាស់រថយន្តបានប្រាប់ថា មុនកើតហេតុគាត់បានដឹកដំឡូងមីស្ងួតទំងន់ជាង២០តោនពីខេត្តឧត្តរមានជ័យ គោលដៅដឹកទៅព្រំដែនក្នុងស្រុកសំពៅលូន ខេត្តបាត់ដំបង គឺគាត់មានរថយន្តធុនធំដឹកដំឡូងមីចំនួន៣គ្រឿង រថយន្តទី១បានចេញផុត ហើយរថយន្តទី២បានបើកចេញពីផ្លូវជាតិលេខ៥ ផ្លូវបំបែកតភ្ជាប់ពីភូមិអូរស្ងួត ស្រុកមង្គលបូរី ទៅស្រុកបវិលខេត្តបាត់ដំបង ត្រូវរថភ្លើងបុកហើយរុញប្រមាណជិត២០០ម៉ែត្រ បណ្តាលក្រឡាប់ផ្ងារជើង។
ប្រភពពីពលរដ្ឋដែលនៅក្បែផ្លូវដែកបានឲ្យដឹងថា មួយរយៈនេះមិនដែលឃើញមានរថភ្លើងធ្វើដំណើនោះទេ ហើយកាលពីមុននៅពេលរថភ្លើងឆ្លងកាត់ ឃើញមានអ្នកមកចាំធ្វើចរាចរណ៍ហើយបើកស៊ីផ្លេខ្លាំងៗ ២ទៅ៣ដង តែពេលនេះ រថភ្លើងបើកពេលយប់ ហើយគ្មានអ្នកមកចាំធ្វើចរាចរណ៍បិទផ្លូវទៀត ទើបបង្កឱ្យមានគ្រោះថ្នាក់បែបនេះ ។
បន្ទាប់ពីកើតហេតុធ្វើឱ្យស្ទះចរាចរណ៍ប្រមាណជិត១គីឡូម៉ែត្រឯណោះ ទើបនគរបាលនិងកម្លាំងកងរាជអាវុធហត្ថស្រុកមង្គលបូរី ចុះធ្វើការសម្រួលចរាចរណ៍ដោយអោយរថភ្លើងថយក្រោយ ផុតពីផ្លូវដើម្បីកុំឲ្យមានការកកស្ទះ ។