
ភ្នំពេញ ៖ កក្កដា សោភ័ណ្ឌ ត្រូវភេទទីបីមួយក្រុមព្រួតវាយ ដោយដៃ និងស្បែកជើង បណ្ដាលឲ្យរងរបួសបែកក្បាល នៅហាងផឹកស៊ីមួយកន្លែង ។
ហេតុការណ៍កើតឡើងនៅវេលាម៉ោង ១០:៣០នាទីយប់ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ ត្រង់ ចំណុច ហាងផឹកស៊ីមួយកន្លែង តាមបណ្ដោយផ្លូវសុធារស់ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ប្រភពពី កក្កដា សោភ័ណ្ឌ ដែលមហាជនស្គាល់ទូទៅលើបណ្ដាញសង្គម បានឲ្យដឹងថា ដំបូងខ្លួន នឹងមិត្តភក្កិ បានទៅហាងផឹកស៊ីមួយកន្លែង តាមបណ្ដោយផ្លូវសុធារស់ នៅពេលដែលកំពុងដើរចូលហាង ក៏មានអ្នកធ្លាប់ស្គាល់គ្នាចំនួន ៣នាក់ ដែលជាភេទទីបីដូចគ្នា បានហៅទៅផឹកស្រានៅតុរបស់គេ នៅពេលដែលកំពុងជល់កែវសប្បាយក្អាកក្អាយ ស្រាប់តែមានមិត្តភក្កិរបស់ជនសង្ស័យម្នាក់ទៀត បានធ្វើឲ្យទាក់ដៃមិត្តភ័ក្រ្តម្នាក់ទៀតជ្រុះទូរស័ព្ទ ១គ្រឿងបែក ហើយជនសង្ស័យបានទាលុយពីខ្លួនចំនួន ៥០ដុល្លា ប៉ុន្តែដោយខ្លួនមិនបានធ្វើទើបមិនព្រមសងលុយ ។
ស្រាប់តែពេលនោះ ពួកគេទាំង ៣នាក់ បានប្រើហិង្សាមកលើខ្លួន ដោយយកដៃវាយ និងស្បែកជើងវាយក្បាលខ្លួន បណ្ដាលឲ្យបែកហូរឈាម រួចពួកគេ បាននាំគ្នាគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោល។
ប្រភពដដែលបានបន្តទៀតថា កាលពី ២ ឆ្នាំមុន ខ្លួនក៏ធ្លាប់ត្រូវក្រុមនេះ វាយម្ដងរួចមកហើយ នៅសួនច្បារវត្តបុទម ដោយមិនដឹងមូលហេតុ តែពេលនោះខ្លួនមិនបានដាក់ពាក្យបណ្ដឹងទេដោយសារតែមើលឃើញស្ថានភាពជីវភាពរបស់ពួកគេមានការខ្វះខាតខ្លាំងពេក។
ក្រោយពីកើតហេតុ កក្ក ដា សោភ័ណ្ឌ បានទៅដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍រដ្ឋបាលនគរបាលសង្កាត់ទន្លេបាសាក់ ដើម្បីឲ្យសមត្ថកិច្ចស្វែងរកជនដៃដល់ មកផ្តន្ទាទោសតាមច្បាប់។
បើតាមប្រភព ពីមហាជនបានឱ្យដឹងថា ករណីប្រើប្រាស់ហិង្សាលើ កក្កដា សោភ័ណ្ឌនេះ អាចបណ្ដាលមកពីការដណ្ដើមសង្សារគ្នា ដែលជាប្រុសក្មេង ពីព្រោះកន្លងមកភាគីទាំងពីរតែងតែផ្ចាញ់ផ្ចាល់គ្នារឿង ប្រុសក្មេងនេះ៕