
សៀមរាប ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានចេញនូវសេចក្ដីជូនដំណឹង នៅរសៀលថ្ងៃទី១៦ខែមិថុនាឆ្នាំ២០២២ថា សាធារណជនដែលបានស្គាល់ ដឹង ដំណឹង ពាក់ព័ន្ធនិងជនល្មើស ដែលលួចកាប់ដើមឈើពូជ ប្រភេទគ្រញូងចំនួន បួនដើម ដែលមានអាយុកាលប្រមាណ៥០ឆ្នាំមកហើយ ហើយរាយការណ៍ និងផ្តល់ព័ត៌មានដល់សមត្ថកិច្ច មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប នឹងជូនរង្វាន់ជាប្រាក់ចំនួន ១០០០ដុល្លារ ។
លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានឲ្យដឹងថា មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានចេញសេចក្តីជូនដំណឹងថា នាពេលថ្មីៗកន្លងមកនេះ មានជនខិលខូចមិនស្គាល់អត្តសញ្ញាណ បានលួចកាប់ដើមឈើពូជប្រភេទគ្រញូងចំនួន បួនដើម ដែលមានអាយុកាលប្រមាណ៥០ឆ្នាំមកហើយ ដែលជាបទល្មើសឧក្រឹដ្ឋបង្កការបាត់បង់ទ្រព្យសម្បត្តិ សាធារណៈ របស់រដ្ឋដ៏មានតម្លៃ នៅក្នុងចម្ការពូជឈើគ្រញូងដែលមានទំហំ ១ ៨៨០ ហិកតា ស្ថិតនៅភូមិសាស្ត្រ ឃុំ កន្ទួត ស្រុកស្វាយលើ និងឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប ត្រូវបានគ្រប់គ្រងនិងអភិវឌ្ឍតាំងពីឆ្នាំ២០០១ ក្នុងគោលបំណងថែរក្សាជីវចម្រុះ អភិរក្សធនធានសេនេទិចព្រៃឈើ តំបន់លំហែកម្សាន្តនិងសម្រាប់ស្រាវជ្រាវវិទ្យាសាស្ត្រ។
ដោយតំបន់នេះ មានសក្តានុពលធនធានព្រៃឈើដ៏មានតម្លៃ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបាន ចេញប្រកាសលេខ៦០២ ប្រក.កសកទទួលស្គាល់ ជាតំបន់ស្តារនិងអភិវឌ្ឍន៍ព្រៃឈើ ចុះថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ ២០១៦។
មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមអំពាវនាវដល់ សាធារណជនដែលបានស្គាល់ ដឹង ដំណឹង ពាក់ព័ន្ធនិងជនល្មើសហើយបានរាយការណ៍ និងផ្តល់ព័ត៌មានដល់សមត្ថកិច្ចរហូតឈានទៅចាប់ជនល្មើស បាន មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប នឹងជូនរង្វាន់ជាប្រាក់ចំនួន ១ ០០០ដុល្លារ (មួយពាន់ ដុល្លារអាមេរិច) ហើយព័ត៌មានត្រូវបានរក្សាជាការសម្ងាត់ជូន មិនអោយមានបញ្ហាដល់អ្នកផ្តល់ព័ត៌មានខាងលើនេះ ឡើយ ។
សូមទំនាក់ទំនងផ្តល់ព័ត៌មានមកលេខទូរស័ព្ទ ០៩២ ២២ ៥៥ ៥៥ និង ០៩៧ ៦៦ ៦៦ ៨៤៤ ( លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប) និងរងចាំទទួលគ្រប់ពេលវេលា៕