ថៃ : ពលករខ្មែរម្នាក់ បានស្លាប់យ៉ាងអាណោចអាធ័ម នៅក្រោមផ្ទៃទឹក ខណ:មុជរកគ្រុំនៅបាតសមុទ្រ ដែលមានជម្រៅជ្រៅ ស្រាប់តែម៉ាសុីនផ្លុំខ្យល់អុកសុីសែនដែលនៅលើទូករលត់ ធ្វើអោយជនរងគ្រោះស្លាប់ដោយគ្មានខ្យល់ដកដង្ហើម។
ហេតុការណ៍ដែលធ្វើឱ្យមានការភ្ញាក់ផ្អើល និងតម្រូវឱ្យសមត្ថកិច្ចចុះទៅពិនិត្យដល់កន្លែងកើតហេតុនេះ គឺនៅវេលាម៉ោង២រសៀល ថ្ងៃទី១៧ ខែវិច្ឆិកាឆ្នាំ២០២១ នៅចំណុចលើផ្ទៃទឹកសមុទ្រនាក្រុងផាត់តាយ៉ា ក្នុងឃុំណាក្លឿ ស្រុកបាងឡាក់មុង ខេត្តឈុនបុរី។
សពពលករខ្មែរម្នាក់ ដែលគ្នីគ្នាបាននាំយកមកដល់ច្រាំង មានឈ្មោះឡុង សារៀង ភេទប្រុស អាយុ៤១ឆ្នាំ ។
អ្នកនាំសពយកមកច្រាំង ឈ្មោះ ពេជ្រ កុមារ ភេទប្រុស អាយុ៣៧ឆ្នាំ បានរៀបរាប់ថា កាលពីវេលាម៉ោង១០ព្រឹក ពួកគេទាំង២នាក់ បានចេញទូកទៅកណ្តាលសាគរ ដើម្បីរកគ្រុំ និងរបស់ផ្សេងៗទៀតនៅបាតសមុទ្រ ដែលនៅទីនោះមានជម្រៅប្រហែល៧ ម៉ែត្រ។
សាក្សីបានបន្តថា ពេលមុជទៅបាតសមុទ្រគឺពួកគេបានប្រើប្រាស់ខ្សែទម្លាក់ចេញពីទូក និងបំពាក់ទុយោខ្យល់អុកសុីសែនរៀងខ្លួន ដែលបញ្ជូនខ្យល់តាមរយ:ម៉ាសុីននៅលើទូក លុះខណ:ដែលជនរងគ្រោះមុជដល់បាតទឹក ស្រាប់តែម៉ាស៊ីននៅខាងលើទូករលត់ ធ្វើអោយពួកគេលែងមានខ្យល់ដកដង្ហើម ទើបខ្លួនបានទាញខ្សែដែលចងជាប់ទូកស្ទុះឡើងមកលើផ្ទៃទឹក ដោយឡែកជនរងគ្រោះដែលស្លាប់ គឺគេមិនបានទាញខ្សែឡើងទេ គឺគេធាក់ដីស្ទុះហែលឡើងតែមិនទាន់ពេល ក៏ដាច់ខ្យល់ស្លាប់នៅក្នុងទឹកតែម្តង ទើបខ្លួនបានមុជទៅម្តងទៀតដើម្បីទាញសពដាក់លើទូកនាំយកមកកាន់ច្រាំង ហើយក៏បានរាយការណ៍ទៅសមត្ថកិច្ច។
ក្រោយពេលកើតហេតុ សមត្ថកិច្ចថៃបាន និងកំពុងនាំយកសពទៅពិនិត្យ និងធ្វើកោសល្យវិច័យ នៅឯមន្ទីរពេទ្យបន្ថែមទៀត បន្ទាប់ពីបានពិនិត្យឃើញថា គ្មានស្លាកស្នាមណាមួយ ពាក់ព័ន្ធនឹងអំពើឃាតកម្មឡើយ៕