
ព្រះសីហនុ ៖ បុរសជនជាតិចិនម្នាក់ត្រូវបានកម្លាំងអាវុធហត្ថខេត្តព្រះសីហនុ ស្រាវជ្រាវនិងចាប់ឃាត់ខ្លួនបាន បន្ទាប់ពីមានជម្លោះជាមួយប្រពន្ធ ហើយយកកាំបិតចាក់សម្លាប់ រួចលើកទម្លាក់ពីលើអគារខ្ពស់ចុះមកដី កាលពីព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ នៅក្បែរសណ្ឋាគារសមុទ្រខៀវ ក្រុម១ ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
ជនសង្ស័យឈ្មោះ Hao Hong Wei ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ ។
ចំណែកជនរងគ្រោះជាប្រពន្ធឈ្មោះ Ran Wei Xia អាយុ៣០ឆ្នាំ មុខរបរ ធ្វើការក្នុងក្លឹប ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា កាលពីព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ ប្រទះឃើញសពស្ត្រីជនជាតិចិនម្នាក់ស្លាប់ នៅក្បែរសណ្ឋាគារសមុទ្រខៀវ សមត្ថកិច្ចបានធ្វើការពិនិត្យ កោសល្យវិច័យដោយឃើញថាមានស្នាមរបួស ហើយបានដាក់ការសង្ស័យថា ជាអំពើឃាតកម្ម ទើបកម្លាំងជំនាញ ព្រមទាំងកម្លាំងអាវុធហត្ថ និងកម្លាំងនគរបាល ក្រោមការសម្របសម្រួល ពីអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ធ្វើការស្រាវជ្រាវ ទីបំផុតកម្លាំងអាវុធហត្ថ បានឈានដល់ការឃាត់ខ្លួន បុរសជនជាតិចិនម្នាក់ជាប្តីជនរងគ្រោះ នៅល្ងាចថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ នាំទៅសាកសួរ ទើបធ្លាយរឿង ផ្តើមចេញពីជម្លោះ រហូតដល់ប្តីយកកាំបិតចាក់សម្លាប់ប្រពន្ធ រួចលើកទម្លាក់ពីលើអគារ ចុះមកដី ។
ជនសង្ស័យត្រូវបានឃាត់ខ្លួនសាកសួរនៅទីបញ្ជាការអាវុធហត្ថខេត្តព្រះសីហនុ ដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនទៅតុលាកា ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕