
ភ្នំពេញ ៖ គ្រួសារ០១ បានចាញ់ល្បិចឆបោករបស់បុរសម្នាក់ដែលជាអ្នករាប់អានគ្នា បោកយកលុយ និងម៉ូតូ បើគិតជាទឹកប្រាក់អស់ជាង១ម៉ឺនដុល្លារដោយសាតែរឿងរត់ការដោះលែងប្ដីដែលកំពុងជាប់ពន្ធនាគារ និងរឿងធានាឲ្យចូលធ្វើការក្នុងក្រុមហ៊ុនមួយ។ ដោយជនសង្ស័យបានប្រាប់ទៅកាន់ជនរងគ្រោះថា ប្រសិនេះជាបានចូលធ្វើការនឹងទទួលបានតំណែងខ្ពស់គឺបន្ទាប់ពីថៅកែក្រុមហ៊ុននោះតែម្ដង ប៉ុន្តែពុំដូចជាការអះអាងឡើយ ហើយនៅទីបំផុតជនរងគ្រោះក៏បានដាក់ពាក្យប្ដឹងឲ្យនគរបាលឃាត់ខ្លួនជនសង្ស័យដែលជាអ្នកឆបោកនោះតែម្ដង។ការចាប់ខ្លួនជនឆបោកខាងលើនេះបានធ្វើឡើងកាលពី ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២វេលាម៉ោង៩:២០នាទីព្រឹក នៅចំណុចផ្ទះជួលភូមិព្រៃព្រីងខាងជើង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យរូបនោះឈ្មោះឆេង ពិទូ ហៅអាកំសាក អាយុ៣៤ឆ្នាំ មានទីលំនៅភូមិ២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ប៉ុន្តែបានមកស្នាក់នៅផ្ទះជួលនៅក្នុងភូមិជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។ចំណែកឯអ្នកដែលបានចាញ់បោកជននេះមានចំនួន៤នាក់៖
១ ឈ្មោះឈាន ផារី ភេទស្រី អាយុ៣៦ឆ្នាំ មានទីលំនៅភូមិត្រពាំងត្នោត ឃុំដំបូកខ្ពស់ ស្រុកអង្គរជ័យ ខេត្តកំពត គឺជាអ្នកដែលបានរាប់អានគ្នាជាមួយប្រពន្ធជនសង្ស័យនេះ
២ ឈ្មោះឡុង វ៉ារ៉ាឌី ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរដឹកជញ្ជូនអីវ៉ាន់ កម្រិតវប្បធម៌ថ្នាក់បរិញ្ញាបត្រ
៣ ឈ្មោះទួន សាវឿន ភេទស្រី អាយុ២៨ឆ្នាំ
៤ ឈ្មោះបេង ប៊ុនឡុង ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិត្រពាំងត្នោត ឃុំដំបូកខ្ពស់ ស្រុកអង្គរជ័យ ខេត្តកំពត ។
ជនរងគ្រោះខាងលើនេះគឺត្រូវជាបងប្អូនបង្កើត និងប្អូនថ្លៃនឹងគ្នាដែលខ្លះបានចាញ់បោកជាលុយ និងខ្លះទៀតអស់ទាំងលុយអស់ទាំងម៉ូតូ ។ ចំណែកឯជនរងគ្រោះទាំង៤នាក់សព្វថ្ងៃស្នាក់នៅផ្ទះជួលភូមិព្រៃព្រីងខាងជើង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា កាលពី៦សប្តាហ៍មុន ស្ត្រីរងគ្រោះឈ្មោះ ឈាន ផារី បានពឹងពាក់ឲ្យជនសង្ស័យរូបនេះជួយរត់ការដោះលែងប្ដីរបស់ខ្លួនដែលកំពុងជាប់ពន្ធនាគារ ដោយត្រូវតុលាការកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល៣ឆ្នាំ ប៉ុន្តែនៅសល់តែ០១ឆ្នាំទៀតប៉ុណ្ណោះ ប៉ុន្តែស្ត្រីរូបនេះចង់ឲ្យប្ដីបានចេញមុនកាលកំណត់ ហើយក៏បានព្រមព្រៀងគ្នាលើថ្លៃសេវារត់ការណ៍ ដើម្បីដោះលែងប្តីចំនួន៤ពាន់ដុល្លារ តែក្រោយពេលប្រគល់ប្រាក់ទៅឲ្យជនសង្ស័យរួច ប្ដីនៅពុំទាន់បានចេញផង ក៏ស្រាបតែសស្ត្រីរូបនេះណែនាំឲ្យប្អូនរបស់ខ្លួនឈ្មោះឡុង វ៉ារ៉ាឌី និងឈ្មោះទួន សាវឿន បានស្គាល់ជនសង្ស័យនេះទៀត។
ប្រភពដដែលបានបន្តទៀតថា នៅពេលនោះជនសង្ស័យរូបនេះបានប្រាប់ឈ្មោះឡុង វ៉ារ៉ាឌី និងឈ្មោះទួន សាវឿន ថា ខ្លួនស្គាល់ថៅកែក្រុមហ៊ុនមួយ ហើយគេកំពុងតែជ្រើសរើសរកអ្នកគ្រប់គ្រងបន្ទាប់ពីថៅកែ និងទទួលបានប្រាក់ខែខ្ពស់ថែមទៀតផង។ ដោយធានាថានឹងនាំអ្នកទាំង២ចូលធ្វើការបាន ប៉ុន្តែទាល់តែចំណាយប្រាក់ ដើម្បីរត់ការណ៍ ទើបអ្នកទាំងពីអាចមានសិទ្ធិចូលធ្វើការទៅនោះបាន នៅពេលនោះដែរក៏មានការចចារគ្នាពីតម្លៃ ហើយបានត្រូវរ៉ូវថ្លៃគ្នាចំនួន៤ពាន់ដុល្លារ ។ បន្ទាប់មកក៏មានយុវជនម្នាក់ទៀតឈ្មោះបេង ប៊ុនឡុង ដែលត្រូវជាប្អូនរបស់ឈ្មោះឡុង វ៉ារ៉ាឌី និងឈ្មោះទួន សាវឿន កំពុងស្វែងរកការងារធ្វើផងនោះក៏បានពឹងពាក់ជនសង្ស័យឲ្យជួយរកការងារឲ្យធ្វើផង ហើយជននោះបានទារថ្លៃរត់ការណ៍ចំនួន៩០០ដុល្លារ ដោយសន្យាថារកការងារជាអ្នកបើកបររថយន្តដឹកអីវ៉ាន់ក្នុងក្រុមហ៊ុននោះដែរ។
ប្រភពដដែលបានប្រាប់ឲ្យដឹងបន្តទៀតថា ក្រោយពេលទទួលបានលុយដល់ដៃគ្រប់ចំនួនហើយ ជនសង្ស័យរូបនេះក៏បានខ្ចីម៉ូតូមួយគ្រឿងម៉ាកហុងដា ZOOMER-X ស៊េរីឆ្នាំ2017 ពណ៍ទឹកប៊ិច ពាក់ស្លាកលេខស្វាយរៀង1J-3907 របស់ឈ្មោះទួន សាវឿន ដោយប្រាប់ថាជិះទៅរត់ការ។បន្ទាប់មកក៏បានជិះម៉ូតូនោះយកទៅបញ្ចាំបាត់រហូតដល់ថ្ងៃទី៤ ខែមិនថុនា ឆ្នាំ២០២២ ទើបលេចមុខជននោះទៅផ្ទះជួលជនរងគ្រោះវិញ ពេលនោះជនរងគ្រោះបានសួរនាំរឿងម៉ូតូ ចំណែកជនសង្ស័យបាននិយាយប្រាប់ថា ខ្លួនបានយកម៉ូតូផ្ញើរទុកនៅផ្ទះម្ដាយមីង ហើយឥឡូវម្ដាយមីងរវល់ទៅខេត្តសៀមរាបនិងបានចាក់សោជាប់បាត់ទៅហើយ។
សមត្ថកិច្ចបន្តទៀតថា ក្រោយនិយាយចប់ ជនសង្ស័យក៏បានខ្ចីម៉ូតូមួយគ្រឿងទៀតម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០២០ ពណ៍ខ្មៅ ពាក់ស្លាកលេខកំពត1R-4380 ព្រមទាំងអត្តសញ្ញាណប័ណ្ណ១សន្លឹក ពីឈ្មោះឡុង វ៉ារ៉ាឌីទៀត ។ ដោយនិយាយប្រាប់ថា ជិះទៅបើកលុយប្រាក់ខែឲ្យព្រោះអ្នកទាំងអស់គ្នា បានចូលធ្វើការហើយ និងត្រូវថៅកែបើកប្រាក់ខែឲ្យមុន ចំណែករឿងរត់ការណ៍ដោះលែងប្ដីរបស់ឈ្មោះឈាន ផារី ក៏បានជោគជ័យហើយដែរ និងត្រូវដោះលែងនៅថ្ងៃទី១៥ ខែមិថុនាហើយ ។ ពេលឮបែបនេះ ក្រុមជនរងគ្រោះបានជឿជាក់ទាំងស្រុង រួចក៏បានឲ្យម៉ូតូទៅជននោះខ្ចីជិះ បន្ទាប់មកជនសង្ស័យបានយកម៉ូតូទៅបញ្ចាំបាត់ទៀត។
តាមប្រភពខាងលើបានបន្តទៀតថា រហូតដល់ថ្ងៃទី១៤ ខែមិថុនា ទើបរកឃើញជនសង្ស័យហើយក្រុមជនរងគ្រោះបានលួងលោមឲ្យជនសង្ស័យដេកនៅផ្ទះជួលរបស់ខ្លួន១យប់ ។ លុះព្រឹកឡើងថ្ងៃទី១៥ ខែមិថុនា ទើបជនរងគ្រោះធ្វើដំណើរទៅដាក់ពាក្យប្ដឹងនៅប៉ុស្ដិ៍នគរបាលចោមចៅទី៣ ឲ្យចុះទៅឃាត់ខ្លួនជនសង្ស័យនាំទៅសាកសួរនិងចាត់ការតាមច្បាប់តែម្ដង៕