
ព្រះសីហនុ ៖ ស្ត្រីជនជាតិចិនម្នាក់បានស្លាប់នៅក្នុងបន្ទប់ បន្ទាប់ពីបានឈ្លោះប្រកែកគ្នាជាមួួប្ដី ដោយគេសង្ស័យថាជាករណីឃាតកម្ម ។
ហេតុការណ៍នេះបានកើតឡើងកាលពីព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ត្រង់ចំណុច សណ្ឋាគារសមុទ្រខៀវ នៅក្រុម១ ភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ប្រភពពីសមត្ថកិច្ច និងចម្លើយជនសង្ស័យ បានឱ្យដឹងថា នៅយប់ថ្ងៃទី១២ ឈានចូលថ្ងៃទី១៣ ខែមិថុនា ស្ត្រីរងគ្រោះជាប្រពន្ធ បានលេងល្បែងចាញ់អស់ចំនួន២ពាន់ដុល្លារ រួចខ្លួនឡើងទៅសម្រាកនៅក្នុងបន្ទប់ ។
ក្រោយមកជនសង្ស័យជាប្ដី បានទៅលេងបន្តហើយចាញ់អស់ចំនួន១ពាន់ទៀត រួចក៏ត្រលប់មកបន្ទប់វិញ លុះមកដល់បន្ទប់ត្រូវប្រពន្ធចាក់សោពីខាងក្នុង បុរសជាប្ដីឃើញបែបនេះក៏ហៅសន្តិសុខ និងរកជាងសោឱ្យមកចាក់ ដើម្បីចូលទៅខាងក្នុងរកប្រពន្ធ ។
លុះមួយសន្ទុះក្រោយមកពួកគេ ក៏បានឈ្លះប្រកែកគ្នា គេឃើញស្ត្រីជាប្រពន្ធ យកដបស្រាវ៉ៃក្បាលខ្លួនឯង រួចក៏ក្រវាត់ដៃ បណ្ដាលឲ្យមុតចំដើមទ្រូងខាងឆ្វេង និងបំពង់ក បណ្តាលឱ្យហូរឈាមរហូតទាល់តែស្លាប់តែម្ដង ។
សពជនរងគ្រោះមានឈ្មោះ Ran Wei Xia ភេទស្រី អាយុ៣០ ឆ្នាំ មានមុខរបរ ធ្វើការក្នុងក្លឹប ។ ចំណែកជនសង្ស័យជាប្ដីឈ្មោះ Hao Hong Wei ភេទប្រុស អាយុ២៤ ឆ្នាំ មុខរបរមិនពិតប្រាកដ ។
រហូតមកដល់ពេលនេះ សមត្ថកិច្ច កំពុងសួរនាំជនសង្ស័យ និងស្រាវជ្រាវបន្ត ដោយមិនទាន់កំណត់ថា ជាករណីឃាតកម្ម ឬអត្តឃាតនៅឡើយទេ ៕