
ភ្នំពេញ៖ សមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវបានធ្វើការឃាត់ខ្លួនយុវជនចំនួនបីនាក់ ពាក់ព័ន្ធនិងករណីកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត នៅត្រង់ចំណុចមុខវត្តឧត្តរ៉ាវត្តី ផ្លូវបេតុង ភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ ។
បើតាមអធិការនគរបាលខណ្ឌឫស្សីកែវបានឱ្យដឹងថា ជនសង្ស័យទាំងបីមាន
ទី០១ ឈ្មោះ កន បញ្ញា អាយុ២០ឆ្នាំ ជាអ្នកដឹកជញ្ជូន ស្នាក់នៅផ្ទះលេខ៩D ផ្លូវលំ ភូមិទំនប់១ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
ទី០២ ឈ្មោះ សំអ៊ែល ម៉េងលី អាយុ១៥ឆ្នាំ គឺជាសិស្ស ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិទំនប់១ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញនិង
ទី០៣ ឈ្មោះ ឃាង ឆាងទ្រី អាយុ១៧ឆ្នាំ គឺជាព្រូឡាន ស្នាក់នៅផ្ទះជួល សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
វត្ថុតាងដែលសមត្ថកិច្ចដកហូតបានពីការឃាត់ខ្លួននេះរួមមាន ម៉ូតូ ម៉ាក ហុងដា ប៊ីត ពណ៌ខ្មៅមួយគ្រឿង ស៊េរីឆ្នាំ២០២២ ពាក់ស្លាកលេខ ភ្នំពេញ ១IZ-៨០៤៣ កាំបិតប៉័ងតោ ចំនួន០២ដើម កាំបិតកាប់ដូង ចំនួនមួយដើម និងដាវកែច្នៃចំនួនមួយដើម។
អធិការនគរបាលនៃខណ្ឌឫស្សីកែវបានឲ្យដឹងថា នៅពេលកើតហេតុសមត្ថកិច្ចបានប្រទះឃើញជនសង្ស័យខាងលើបាននាំគ្នាជិះម៉ូតូដើរលេងនៅម្តុំបុរីអង្គរ។
តែនៅពេលដែលជិះម៉ូតូមកដល់មុខវត្តឧត្តរ៉ាវត្តី ក៏បានជួបនឹងកម្លាំងសមត្ថកិច្ចដែលដើរល្បាតឃើញមានការសង្ស័យក៏ឃាត់ត្រួតពិនិត្យហើយក៏រកឃើញសម្ភារៈដូចខាងលើ រួចក៏នាំខ្លួនជនសង្ស័យមកអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវតែម្តង។
បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងត្រូវបាន កម្លាំងជំនាញខណ្ឌ និងប៉ុស្តិ៍ បានកសាងសំណុំរឿងបញ្ចូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕