
ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវបានប្រជាពលរដ្ឋចាប់បានប្រគល់ ជូនសមត្ថកិច្ចទាំងព្រឹកព្រលឹម ក្រោយពីបានធ្វើសកម្មភាពឆ.ក់កាបូបបានតែរត់មិនរួច ។ ហេតុការណ៍នេះកើតឡើងកាលពីព្រឹកថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០២២ វេលាម៉ោង ០៨:០០ នាទី ស្ថិតនៅចំណុចផ្សារត្រពាំងល្វា តាមបណ្ដោយផ្លូវបេតុង ស្ថិតនៅភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ជនសង្ស័យខាងលើ មានឈ្មោះ អៀង ពិសិដ្ឋ ភេទប្រុស អាយុជាង២០ឆ្នាំ ស្នាក់នៅម្ដុំផ្សារ អ៊ីអន២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ចំណែកឯស្ត្រីរងគ្រោះវិញមានឈ្មោះ ចាន់ អ៊ុកចិន្តា ភេទស្រី អាយុ ៥៥ឆ្នាំ ស្នាក់នៅតាមបណ្តោយផ្លូវ ២០០៤ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីស្ត្រីរងគ្រោះបានបញ្ជាក់ឲ្យដឹងថា មុនពេលកើតហេតុស្ត្រីរងគ្រោះ បានចុះពីរថយន្តដើម្បីទៅទិញបង្គាដោយកាន់កាបូបយួរនិងដៃ កំពុងតែទិញបង្គាស្រាប់តែលេចមុខជនសង្ស័យ បានជិះម៉ូតូមួយគ្រឿងម៉ាកស៊ុយស៊ូគីនិចពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1JM-3807 ជិះតែម្នាក់ឯងក្នុងទិសដៅពីត្បូងទៅជើង បានធ្វើសកម្មភាពឆក់កាបូបពីស្ត្រីរងគ្រោះ តែមិនបានសម្រេចដោយសារតែមានការប្រទាញប្រទង់គ្នា ដោយដៃជនសង្ស័យចាប់បានដៃកាបូបមួយចំហៀង និងស្ត្រីរងគ្រោះទាក់ដៃកាន់កាបូបបានមួយចំហៀង ធ្វើឲ្យកាបូបរហែកជ្រុះលុយ មកដីភ្លាមនោះស្ត្រីរងគ្រោះស្រែកថាចោរៗ ឲ្យគេជួយធ្វើឲ្យជនសង្ស័យភ័យ បោះចោលកាបូប បម្រុងជិះគេចខ្លួន ត្រូវបានប្រជាពលរដ្ឋចាប់បាន ប្រគល់ជូនសមត្ថកិច្ចតែម្ដង។
នៅក្នុងកាបូបដៃរបស់ស្ត្រីរងគ្រោះ មានលុយក្នុងនោះ សរុបជាទឹកប្រាក់ចំនួនជិត ៨ លានរៀល។
ក្រោយកើតហេតុសមត្ថកិច្ចនគរបាលប៉ុស្តិ៍អូបែកក្អម ទៅដល់ក៏បានឃាត់ខ្លួន យកជនសង្ស័យមកធ្វើការសាកសួរ នៅនគរបាលប៉ុស្តិ៍កាកាប១
ជាបណ្ដោះអាសន្ន រួចបញ្ជូនបន្តទៅកាន់ នគរបាលប៉ុស្តិ៍អូរបែកក្អម ដែលជាម្ចាស់ទឹកដីកើតហេតុ ដើម្បីសាកសួរនាំបន្តកសាងសំណុំរឿង ចាត់ការតាមផ្លូវច្បាប់៕