
ភ្នំពេញ ៖ ស្ត្រី២នាក់ខណៈដែលកំពុងជិះម៉ូតូឌុបគ្នា ស្រាប់តែមានរថយន្តធុនធំម៉ាក ហុីយ៉ាន់ដាយ បើកបុកពីក្រោយបណ្តាលឲ្យរងរបួសធ្ងន់ កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង៩:១០នាទីយប់ នៅតាមបណ្តោយផ្លូវ៦០ម៉ែត្រ ស្ថិតនៅភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ជនរងគ្រោះទាំង២ ទី១ ឈ្មោះ កុល មរកត ភេទស្រី អាយុ២១ឆ្នាំ មានទីលំនៅភូមិជង្ហុក ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម (ជាអ្នកបើកម៉ូតូ) មានមុខរបរ ជាងធ្វើក្រចក ។
ទី២ ឈ្មោះ សាន សៀរ៉ា ភេទស្រី អាយុ៤៦ឆ្នាំ មានទីលំនៅភូមិទី១ ឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម មុខរបរកាត់ដេរ ។
ចំណែកឯជនបង្កដែលជាអ្នកបើកបររថយន្តត្រូវបាន សមត្ថកិច្ចឃាត់ខ្លួន មានឈ្មោះ វណ្ណ រី ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរជាអ្នកបើកបររថយន្ត មានទីលំនៅភូមិក្បាលឈើពុក ឃុំស្យា ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ។
បើតាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះទាំងពីជិះម៉ូតូម៉ាកស្កុបពី ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1IV-9943 ធ្វើដំណើរពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្ត ម៉ាកហុីយ៉ាន់ដាយ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ព្រៃវែង3A-2223 បុកពីក្រោយ បណ្តាលឲ្យរងរបួសធ្ងន់២នាក់ ។
ក្រោយកើតហេតុ ជនរងគ្រោះទាំងពីរត្រូវបានរថយន្តគ្លីនិកឯកជនដឹកយកទៅសង្រ្គោះ ចំណែកឯរថយន្តនិងម៉ូតូ រួមទាំងអ្នកបើកបររថយន្តផង ត្រូវបានប្រគល់ឲ្យការិយាល័យចរាចរជើងគោក ស្នងការក្រុងភ្នំពេញ កសាងសំណុំរឿងតាមនីតិវិធី ៕