
ភ្នំពេញ ៖ សមត្ថកិច្ចឃាត់ខ្លួនបុរសល្មោភកាមម្នាក់ ដែលប្រើកាំបិតប៉័ងតោគាស់ទ្វារបន្ទប់ប្អូនថ្លៃ ដែលជានិស្សិត ដើម្បីចាប់រំលោភសេពសន្ថវៈ តែមិនបានសម្រេច ។
ហេតុការណ៍នេះ បានកើតឡើងកាលពី វេលាម៉ោង១២ និង៣០នាទីយប់ ចូលថ្ងៃទី១២ ខែមិថុនា ឆ្នាំ ២០២២ នៅក្នុងមូលដ្ឋានសង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ។
ប្រភពពត៌មានបានឱ្យដឹងថា នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ ជនដៃដល់ និងប្រពន្ធបាននាំគ្នាទៅលេងផ្ទះប្អូនស្រី ពេលនោះដែលឪពុក ម្តាយ បានធ្វើដំណើរទៅខេត្ត ។ នៅវេលាយប់នោះ បុរសជាបងថ្លៃ ក៏បានជួបជុំគ្នាផឹក នៅផ្ទះនោះ បន្ទាប់ពីផឹកស្រវឹងបុរសនោះ ក៏បានទៅដេកជាមួយប្រពន្ធ នៅជាន់ក្រោម ដោយឡែកប្អូនថ្លៃស្រី ព្រមទាំងក្មួយបានសម្រាកនៅបន្ទប់ជាន់ឡាវតឿ។ នៅពេល ប្អូនថ្លៃស្រី កំពុងតែដេក ស្រាប់តែជនល្មោភកាមនោះ ក៏បានក្រោក លួចទៅគាស់ទ្វារបន្ទប់ ចូលទៅចាប់រំលោភសេពសន្ថវៈតែម្តងតែមិនបានសម្រេចឡើយ ។
ប្រភពពីនារីរងគ្រោះ បានឱ្យដឹងថា នៅយប់នោះ បងថ្លៃប្រុស បានកាន់កាំបិតប៉័ងតោ កាំបិតចុងស្រួច និងស្លៀកតែខោខ្លី បានចូលទៅចាប់រំលោភសេពសន្ថវៈ ទាំងកំរោល ហើយនាងខំរើបម្រាស់ បានស្រែកហៅឱ្យប៉ាជួយ ហើយក្មួយស្រី ដែលបានដេក នៅបន្ទប់ក្បែរនោះក៏បានបើកភ្លើចេញមក ហើយជននោះ ក៏បានរត់ទៅពួន ក្នុងបន្ទប់នោះ។
ដោយខ្លាចបងថ្លៃសម្លាប់ខ្លួន និងក្មួយ នាងក៏នាំគ្នា ចេញមកក្រៅ ហើយប្រាប់បងប្អូន និងបាននាំគ្នា ចាក់សោរទ្វារផ្ទះរួចរត់ទៅប្តឹង នគរបាលមូលដ្ឋាន ចុះទៅជួយអន្តរាគមន៍ ឃាត់ខ្លួន បានភ្លាមៗ បន្ទាប់ពីឃាត់ខ្លួន សមត្ថកិច្ច ក៏បានឆែកឆេរ រកឃើញកាំបិតប៉័ងតោ នៅក្រោមគ្រែផងដែរ ។
ប្រភពដដែល បានឱ្យដឹងទៀតថា កន្លងមក ជនល្មោភកាមរូបនេះ ធ្លាប់ប៉ុនប៉ងសម្លាប់ឪពុកម្តាយក្មេក ម្តងមកហើយ កាលពីចុងឆ្នាំ២០២១ និងធ្លាប់វាយ បង្ករបួសស្នាមដល់អ្នកដទៃ កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០ ដោយសងជំងឺចិត្តគេ អស់ ៩ ពាន់ដុល្លារ។
ជនសង្ស័យមាន ឈ្មោះ នួន ភារៈ អាយុ ៣០ ឆ្នាំ ដែលគេស្គាល់ថា ជាអង្គរក្សនិងជាអ្នកបើករថយន្ត ឱ្យអភិបាលខណ្ឌម្នាក់ មានទីលំនៅសង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ប៉ុន្តែ បន្ទាប់ពីមានរឿងបែបនេះ លោកអភិបាលខណ្ឌ រូបនោះ ក៏បានចេញលិខិតបដិសេធថា ជននោះមិនមែន ជាអ្នកបើកបររបស់លោកនោះទេ ហើយជននោះ
បានត្រូវបញ្ឈប់ជាយូរមកហើយ។
ចំណែកនារីរងគ្រោះ ឈ្មោះ ស.ស.ម អាយុ ១៩ឆ្នាំ ជានិស្សិតឆ្នាំទី១។
ជនសង្ស័យនោះ ត្រូវបានកម្លាំងនគរបាល ឃាត់ខ្លួន បញ្ចូនទៅកាន់អធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនិតិវិធី៕