
កណ្ដាល ៖ មនុស្សចំនួន ០៣នាក់ត្រូវបានស្លាប់នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ ដែលពួកគេទាំង០៣នាក់បើកក្នុងល្បឿនលឿនក៌ជ្រុលទៅបុកគោយន្តកំពុងបើកឆ្លងផ្លូវ។
ហេតុការណ៍នេះកើតឡើង នៅវេលាម៉ោង ៥ៈ១៥នាទីព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ នៅតាមផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រ៣៤-៣៥ ចំណុចភូមិជ័យឧត្តម ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ប្រភពពីសមត្ថកិច្ចបានបន្តឲ្យដឹងទៀតថា ជនរងគ្រោះទាំង៣នាក់ ទី១មានឈ្មោះ ឈាង ស៊ីន ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅក្នុងភូមិប្រស្រែ ឃុំបឹងព្រះ ស្រុកបាភ្នំ ខេត្តព្រៃវែង ជាអ្នកបើកម៉ូតូ។ ទី២មានឈ្មោះ លាង ស្រីនាង ភេទស្រី អាយុ២០ឆ្នាំ មុខរបរកម្មការនីរោងចក្រ រស់នៅក្នុងភូមិឃុំជាមួយគ្នា។ នឹងទី៣មានឈ្មោះ អោន ធារ៉ា ភេទស្រី អាយុ២២ឆ្នាំ មុខរបរកម្មការនីរោងចក្រ រស់នៅក្នុងភូមិឃុំជាមួយគ្នា។
ប្រភពដដែលបានបន្ថែមទៀតថា នៅមុនកើតហេតុ គេឃើញជនរងគ្រោះជិះម៉ូតូ ម៉ាកហុងដាឌ្រីម ពាក់ស្លាកលេខ ភ្នំពេញ 1GG1943 ឌុបគ្នា០៣នាក់ធ្វើដំណើរចេញពីស្រុក ឆ្ពោះទៅរោងចក្រនៅរាជធានីភ្នំពេញ ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងទិសដៅពីកើតទៅលិចបើកបរក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ ក៌ជ្រុលទៅបុកផ្ទប់ជាយួយគោយន្តដែលកំពុងបើកឆ្លងផ្លូវ ហេតុការណ៍នេះបណ្តាលឲ្យមនុស្ស០៣នាក់ភ្លាមៗនៅកន្លែងកើតហេតុ។ ស្របពេលដែលតាមដងផ្លូវមានសភាពស្ងាត់នៅឡើយ ជាឱកាសឲ្យគោយន្តបើកគេចទៅបាត់ បន្សល់ទុកតែសពជនរងគ្រោះទាំង០៣នាក់ និងម៉ូតូមួយគ្រឿងនៅកន្លែងកើតហេតុ។
បន្ទាប់ពកើតហេតុ គេឃើញមានសមត្ថកិច្ចចុះទៅពិនិត្យ និងទំនាក់ទំនងទៅក្រុមគ្រួសារ មកទទួលសពយកសពទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកម៉ូតូសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាន និងបន្តស្រាវជ្រាវស្វែងរកគោយន្តមកចាត់ការតាមច្បាប់៕