
កំពង់ស្ពឺ ៖ នារី០២នាក់ជិះម៉ូតូលឿនគេចពីជង្ហុកបានជ្រុលទៅបុករថយន្តដឹកអុសកំពុងចតស្ងៀមនៅចិញ្ចើមផ្លូវបញ្ច្រាសទិស បណ្ដាលឲ្យបោកក្បាលស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។
ហេតុការណ៍ខាងលើកើតឡើងកាលពី វេលាម៉ោង៤ៈ៤៥នាទីរសៀល ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២ នៅតាមបណ្ដោយផ្លូវ៤១ ស្ថិតនៅក្នុងភូមិអូរ ឃុំកាត់ភ្លុក ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។
ជនរងគ្រោះទាំង២នាក់មានឈ្មោះ
១ឈ្មោះ អូន ស្រីកែវ ភេទស្រី អាយុ១៨ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ជាអ្នកបើកម៉ូតូ ។
២ មិនស្គាល់អត្តសញ្ញាណ ភេទស្រី អាយុ១៩ឆ្នាំ ជាអ្នករួមដំណើរ ត្រូវជាមិត្តភ័ក្រ ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា មុនកើតហេតុ គេឃើញនារីទាំង០២នាក់ជិះម៉ូតូ ម៉ាកហុងដាឌ្រីម សេរី២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HB-8826 ឌុបគ្នាក្នុងល្បឿនលឿន ធ្វើដំណើពីលិចទៅកើត លុះដល់កន្លែងកើតហេតុ ជនរង្គ្រោះបានគេចពីជង្ហុកហើយរេចង្កូតទៅស្តាំ ក៏ជ្រុលបុករថយន្តដឹកអុសពីចំហៀង ប្រភេទយុីឌុប ម៉ាកMITSUBISHI ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3A-1964 កំពុងចតស្ងៀមនៅចិញ្ចើមផ្លូវ តែលើផ្លូវបញ្ច្រាស បណ្តាលឲ្យនារីរងគ្រោះទាំង២នាក់បោកក្បាលស្លាប់ភ្លាមៗ ។
បន្ទាប់ពីកើតហេតុ សមត្ថកិច្ចបានដឹកសពយកទៅតំកល់ទុកនៅមន្ទីរពេទ្យបង្អែកស្រុកបសេដ្ឋ ដើម្បីរងចាំប្រគល់ជូនក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី រីឯរថយន្តនិងម៉ូតូ សមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕