
ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តមួយគ្រឿងក្នុងល្បឿនលឿនខណៈពេលដល់ផ្លូវបំបែកជាបួន មិនប្រយ័ត្នជ្រុលទៅបុករថយន្តស៊េរីទំនើបមួយគ្រឿងទៀតដែលកំពុងបើកឆ្លងផ្លូវពេញទំហឹង បណ្តាលឲ្យខ្ទាត់ទៅផ្ទប់ដើមឈើរងការខូចខាតយ៉ាងដំណំ ។
ប្រភពពីពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញបុរសម្នាក់ បើករថយន្តមួយគ្រឿង ពណ៌សមួយគ្រឿង ពាក់ផ្លាកលេខភ្នំពេញ 2V-6111 បើកបរក្នុងផ្លូវ ៤៣២ ទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនមធ្យម ខណៈពេលមកដល់កន្លែងកើតហេតុខាងលើ ផ្លូវបំបែកជាបួនកែង ស្រាប់តែមានរថយន្តបង្កមួយគ្រឿងបើកដោយបុរសម្នាក់ ម៉ាកmorningមួយ ពាក់ផ្លាកលេខព្រះសីហនុ 2A-8063 បើកបរតាមបណ្ដោយផ្លូវ ១៥៥ ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន ក៏ជ្រុលទៅបុករថយន្តស៊េរីទំនើបចំពាក់ពេញទំហឹង បណ្ដាលឲ្យរថយន្តខាងលើ ខ្ទាតទៅបុកផ្ទប់នឹងដើមឈើ រងការខូចខាតផ្នែកខាងមុខស្ទើរទាំងស្រុង ចំណែកឯរថយន្តបង្កវិញ រងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ តែមិនបង្កឱ្យមាននរណាម្នាក់ រងរបួសនោះទេ ។
បន្ទាប់ពីកើតហេតុ គេឃើញមានសមត្ថកិច្ចមូលដ្ឋានសហការជាមួយកម្លាំងជំនាញ ចុះមកដល់រួចក៏ឲ្យភាគីទាំងពីរ សម្រួលគ្នាដោយឲ្យភាគីរថយន្តបង្ក ព្រមសងជាសំណងទៅលើរថយន្តរងគ្រោះ បញ្ចប់រឿងនៅកន្លែងកើតហេតុ៕