
តាកែវ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស ខេត្តតាកែវ បង្ក្រាបបាន កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង១០:៣០នាទី ស្ថិតក្នុងភូមិត្រពាំងរកា ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ ពាក់ព័ន្ធនិងករណីការជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ជាមួយនឹងវត្ថុតាងមានថ្នាំញៀនចំនួន ៣៨កញ្ចប់និង ទូរស័ព្ទដៃ១គ្រឿង ម៉ាកណូគា ។
ការបង្ក្រាបករណីជួញដូរសារធាតុញៀនខាងលើនេះ គឺមានការចង្អុលបង្ហាញដោយផ្ទាល់ពីសំណាក់លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ លោកវរសេនីយ៍ឯក ឡេង ប៊ុនឡុង អធិការនគរបាលស្រុកព្រៃកប្បាស បានដឹកនាំបញ្ជាកម្លាំងជំនាញសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអង្កាញ់ ចុះបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀនមួយករណី ។
ជនសង្ស័យដែលឃាត់ខ្លួនបានមាន ឈ្មោះ អ៊ូច សំអុល ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិត្រពាំងរកា ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ ។ ចំណែកឯវត្ថុតាងដែលដកហូតបានរួមមាន ៖ ម្សៅក្រាមពណ៌សថ្លាចំនួន ៣៨កញ្ចប់ ទូរស័ព្ទដៃ១គ្រឿង ម៉ាកណូគា។
បច្ចុប្បន្នជនសង្ស័យខាងលើរួមទាំងវត្ថុតាង ត្រូវបាននគរបាលនាំមកកាន់ អធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស ដើម្បីសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅអយ្យកាសាលាដំបូងខេត្តតាកែវចាត់ការតាមនីតិវិធី៕