ភ្នំពេញ ៖ ប្រជាការពារ២នាក់ បានទាស់ទែងពាក្យសម្តីគ្នា រហូតផ្ទុះហិ.ង្សានៅក្នុងបរិវេណសាលាសង្កាត់មួយ ក្នុងទឹកដីខណ្ឌមានជ័យ បណ្តាលអោយភាគីម្ខាងត្រូវបានស្លា.ប់ ពេលបញ្ចូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។
អំពើហិង្សាបណ្តាលអោយស្លា.ប់ប្រជាការពារម្នាក់ កើតឡើងកាលពីវេលាម៉ោង ២០យប់ ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ នៅក្នុងសាលាសង្កាត់បឹងទំពន់ទី២ ស្ថិតក្នុងសង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ជនរងគ្រោះមានឈ្មោះ អេម វន ភេទប្រុស អាយុ៧១ឆ្នាំ មានទីលំនៅផ្ទះលេខ២១៨ ស្ថិតតាមបណ្តោយផ្លូវលេខ៣៧១ ក្នុងភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។
ជនរងគ្រោះដែលបាត់បង់ជីវិ.ត គឺជាយោធិនពិកា (ពិកាជើងស្តាំ ) មួយរូប ។ ចំណែកជនសង្ស័យមានឈ្មោះ ហេង សារ៉េត ភេទប្រុស អាយុ៦២ឆ្នាំ មានទីលំនៅផ្ទះលេខ២០៤ តាមបណ្តោយផ្លូវ៣៧១ ក្នុងភូមិក្បាលទំនប់២ សង្កាត់បឹងទំពន់២ ខណ្ឌមានជ័យ ។ អ្នកទាំង២ គឺជាប្រជាការពារសង្កាត់បម្រើការងារជាមួយគ្នា ។
យោងតាមប្រភពព័ត៌មានអោយដឹងថា នៅមុនកើតហេតុជនរងគ្រោះបានអង្គុយប្រចាំការ នៅក្នុងសាលាសង្កាត់ ស្របពេលជាមួយគ្នានោះ ជនសង្ស័យដែលជាប្រការពារដូចគ្នាបានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រ៊ីមសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1C-9544 ជិះចូលទៅសាលាសង្កាត់ ដោយសភាពស្រវឹងក៏បានទៅនិយាយគ្នាជាមួយជនរងគ្រោះ រហូតទាស់សម្តីគ្នាធ្វើអោយជនសង្ស័យបានច្រានជនរងគ្រោះដួលជាច្រើនដងបណ្តាលអោយសន្លប់ស្តូកស្តឹងបាត់បង់ស្មារតី ។
បន្ទាប់ពីកើតហេតុ មន្ត្រីសាលាសង្កាត់ដទៃដែលប្រចាំការនៅសាលាសង្កាត់ដែលនោះបានទំនាក់ទំនងទៅសាច់ញាតិជនរងគ្រោះ រួចមកសាច់ញាតិក៏មកទទួលជនរងគ្រោះយកទៅសង្គ្រោះនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ប៉ុន្តែពេលដឹកដល់មន្ទីរពេទ្យ ក្រុមគ្រូពេទ្យមិនទទួលព្យាបាល ដោយសារស្ថានភាពធ្ងន់ធ្ងរខ្លាំង លុះមិនបានប៉ុន្មាន ជនរងគ្រោះក៏ដាច់ខ្យល់ស្លា.ប់តែម្តង ។
ក្រោយការស្លា.ប់សាច់ញាតិជនរងគ្រោះបានដឹកសពជនរងគ្រោះទៅកាន់លំនៅឋាន ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី នៅឯលំនៅឋាន ។ ដោយឡែកចំពោះ ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ដើម្បីបន្តនីតិវិធីច្បាប់ បន្ទាប់ពីសាច់ញាតិជនរងគ្រោះបានធ្វើការដាក់ពាក្យបណ្តឹង ។
លោកវរសេនីយ៍ត្រី ឃុន ឡេង នាយប៉ុស្តិ៍រដ្ឋបាលនគរបាលបឹងទំពន់ទី២ បានប្រាប់អោយដឹងថា ៖ តាមការសាកសួរនាំជនសង្ស័យមក ឃើញថារូបគេ និងជនរងគ្រោះ គឺធ្លាប់មានទំនាស់ពាក្យសម្តីគ្នាមករហូតលុះវេលាកើតហេតុ ខណៈជួបមុខគ្នាក៏បានទាស់សម្តីគ្នាទៀតធ្វើអោយដំបៅចាស់រើរឡើង ក៏ឈានដល់ប្រើហិ.ង្សាបណ្តាលអោយមានអ្នកស្លា.ប់តែម្តងទៅ ៕