
ស្វាយរៀង ៖ នៅព្រឹកថ្ងៃអាទិត្យ ទី១២ ខែមិថុនា ឆ្នាំ២០២២ សមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងគ្រឿងញៀ.ន បានបញ្ជូនជនសង្ស័យម្នាក់ដែលពាក់ព័ន្ធករណីរក្សាទុក និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀ.ន ទៅកាន់តុលាការ ដើម្បីផ្ដន្ទាទោសតាមច្បាប់ ជនសង្ស័យរូបនេះមានមុខរបរជាអ្នកយកព័ត៌មាន Online ។
ប្រភពពីសមត្ថកិច្ច បានបន្ថែមឲ្យដឹងថា កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង០៧:៣០នាទីព្រឹក ក្រោយទទួលបានបទបញ្ចាពីលោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្វាយរៀង ឱ្យកម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសកងរាជអាវុធហត្ថខេត្តស្វាយរៀង សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងស្វាយរៀង ដឹកនាំដោយលោកវរសេនីយ៍ឯក ស្រី វុត្ថា មេបញ្ជាការរងទទួលការងារជំនាញ ដោយមានការសម្របសម្រួលដោយលោក ដូរ៉ា អង្គប្រទាន ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង ចុះបង្ក្រាបមុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀ.ន នៅចំណុចភូមិកៀនសាំង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង។
សមត្ថកិច្ចបានបន្តទៀតថាប្រតិបត្តិការណ៍នេះ គឺឃាត់ខ្លួនបានជនសង្ស័យម្នាក់ ឈ្មោះ សុធា សន្និវាស ភេទប្រុស អាយុ៣៣ឆ្នាំ ជាអ្នកសារព័ត៌មាន Oneline រស់នៅភូមិកៀនសាំង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង។
វត្ថុតាងរូមមាន ១.ម្សៅក្រាមពណ៌ស.ថ្លា មានទម្ងន់ថ្នាំសុទ្ធ ៧,២៥ gចំនួន០២កញ្ចប់ ២. ម៉ូតូចំនួន០១គ្រឿង ៣. ទូរស័ព្ទចំនួន ០២គ្រឿង ៤. ប័ណ្ណសារព័ត៌មានចំនួន០៤សន្លឹក និង៥. កាបូបស្ពាយពណ៌ខ្មៅ០១។
បច្ចុប្បន្ន ជនសង្ស័យ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងជំនាញបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង កសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តស្វាយរៀង ៕