
ភ្នំពេញ ៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលច្បារអំពៅ២ ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីឆក់កាបូប នឹងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ។ នេះបើយោងតាមផេក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបង្ហោះនៅព្រឹកថ្ងៃទី១១ខែមិថុនានេះ ។
ប្រភពពីកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលច្បារអំពៅ២ កាលពីវេលាម៉ោង២២:០០នាទីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីឆក់កាបូប នៅមុខផ្ទះគ្មានលេខ ផ្លូវ៣៥៧ ភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ខណៈកម្លាំងកំពុងដើរល្បាតនៅក្បែរនឹងកន្លែងកើតហេតុនោះ ក៏មកជួយធ្វើការអន្តរាគមន៍ភ្លាមនឹងឃាត់ខ្លួនបានតែម្តង។
ជនរងគ្រោះខាងលើមានឈ្មោះ អៀង អុំ ភេទស្រី អាយុ៦៩ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅភូមិសាលាមនាង ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង។
ចំណែកជនសង្ស័យខាងលើមានឈ្មោះ ថោង សីហា ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិដើមចាន់ សង្កាត់ ច្បារអំពៅ២ ខណ្ឌច្បារអំពៅ (មានសារធាតុញៀន)។
ក្រោយពីឃាត់ខ្លួនសមត្ថកិច្ចដកហូតបានវត្ថុតាំងមួយចំនួន ៖ កាបូបយួរ ខ្សែកមាស ១ខ្សែ ទម្ងន់ ១ តម្លឹង, ខ្សែដៃមាស ១ខ្សែ ទម្ងន់ ៥ជី, ប្រាក់១២ម៉ឺនរៀល និងទូរស័ព្ទដៃម៉ាក Oppo ពណ៌ខៀវ ។
បច្ចុប្បន្ននេះត្រូវបានកម្លាំងជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ នឹងចាត់ការបន្តតាមនិតិវិធី៕