
ភ្នំពេញ ៖ ករណីឃាតកម្មដ៏រន្ធត់មួយបានកើតឡើង ព្រោះភ្លើងប្រច័ណ្ឌ ធ្វើឲ្យប្ដីបាញ់សម្លាប់ប្រពន្ធគ្មានញញើតដៃ បណ្ដាលឲ្យប្រពន្ធស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័មនៅក្នុងបន្ទប់ ។
ករណីឃាតកម្មនេះ បានកើតឡើងកាលពីវេលាម៉ោង០៣ និង២០នាទីរសៀល ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ នៅតាមបណ្តោយផ្លូវជាតិលេខ២ ក្នុងភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ជនដៃដលជាអតីតប្តី ឈ្មោះ ជា អូន អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅ ម្តុំផ្សារដីហ៊ុយ ចំណែកស្ត្រីរងគ្រោះ ជាអតីតប្រពន្ធមានឈ្មោះ ប្រពន្ធឈ្មោះ នូ សុជាតា អាយុ២២ឆ្នាំ មុខរបរ បម្រើការនៅ ណាហ្គាវើល ។
អ្នកទាំងពីរបានចាប់ដៃគូរជីវិតជាមួយគ្នា ហើយបានចំណងអាពាហ៍ពិពាហ៍ កូនប្រុស អាយុ១ខួប០៩ខែមួយ ។ (អាណិតក្មេងណាស់ ម្ដាយស្លាប់ ឪពុកជាប់គុគទៀត តើអណាគតទៅជាយ៉ាងណា)។
ដោយលែក ពួកគេទាំងពីរ បានលែងលះគ្នា ដាច់ស្រេចអស់រយៈពេល៣ខែហើយ ដោយដឹងលឺត្រឹមសាលាសង្កាត់ ព្រោះចំណងអាពាហ៍ពិពាហ៍របស់អ្នកទាំងពីរ មិនមានចុះអេតាស៊ីវិលនោះឡើយ ។

បើតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ អតីតប្តីជាជនដៃដល់ បានទៅផ្ទះរបស់ប្រពន្ធ ហើយក៏មានទំនាស់ពាក្យសម្តីឈ្លោះប្រកែកគ្នាខ្លាំង ព្រោះប្រច័ណ្ឌរឿង អតីតប្រពន្ធមានសាហាយស្មន់ ហើយយករឿងនេះធ្វើជាលេស ដើម្បីលែងលះជាមួយខ្លួន ។
បន្ទាប់ពីឈ្លោះប្រកែកគ្នាមួយប្រាវ បុរសជាអតីតប្តី ក៏បាននាំគ្នាចូលបន្ទប់ ដើម្បីនិយាយវែកញ៉ែករឿងដដែល ខណៈនោះដែរ បងប្រុសបង្កើតជនរងគ្រោះ បានចូលទៅក្នុងបន្ទប់ ដើម្បីជួយសម្របសម្រួល តែត្រូវជនសង្ស័យជាអតីតប្តី ដកកាំភ្លើងខ្លី ម៉ាកកា៥៩ ភ្ជង់ទៅលើបុរសជាបង និងគំរាមអោយចេញពីបន្ទប់ កុំអោយចេះដឹង រឿងប្តីប្រពន្ធរបស់ពួកគេ ។

ហើយបុរសជាបង ក៏បានដើរចេញទៅវិញ ដោយបានបីកូនប្រុសតូចរបស់ពួកគេចេញពីបន្ទប់ ភ្លាមនោះជនសង្ស័យ ក៏បានបាញ់សម្លាប់ស្ត្រីជាអតីតប្រពន្ធចំសៀតថ្កា បណ្តាលអោយស្លាប់ភ្លាមៗ នៅលើគ្រែក្នុងបន្ទនប់នោះតែម្តងទៅ ។
ចំណែកជនសង្ស័យមិនបានរត់គេចទៅណាឡើយ ហើយសាច់ញាតិជនរងគ្រោះ ក៏បានរាយការណ៍ជូន សមត្ថកិច្ចមូលដ្ឋាន ដើម្បីចុះអន្តរាគមន៍ធ្វើការឃាត់ខ្លួនតែម្តង ។
ក្រោយឃាត់ខ្លួន ជនសង្ស័យ ត្រូវបានបញ្ចូនខ្លួនទៅកាន់ ប៉ុស្តិ៍រដ្ឋបាលនគរបាល ចាក់អង្រែក្រោម ដើម្បីសាកសួរបន្តនីតិវិធីតាមផ្លូវច្បាប់ ។

ក្រោយកើតហេតុ កម្លាំងជំនាញផ្នែកកោសល្យវិច្ច័យ បានធ្វើកោសល្យវិច្ច័យ និងពិនិត្យទីតាំងកើតហេតុ នៅជុំវិញ សព សមត្ថកិច្ចរកឃើញ គ្រាប់កាំទុះចំនួន០៤គ្រាប់ ក្នុងនោះផ្ទុះមួយគ្រាប់ អត់ផ្ទុះ០៣គ្រាប់ ។ គេនៅមិនទាន់ដឹងនៅឡើយថា គ្រាប់កាំទុះទាំង០៤គ្រាប់នោះ ជនសង្ស័យបម្រុងបាញ់ទៅលើជនរងគ្រោះទាំង០៤គ្រាប់ ឬក៏បាញ់ខ្លួនឯងដែរឡើយ ព្រោះមិនមានប្រភពអះអាងបញ្ជាក់ ។ រីឯកាំភ្លើង ដែលជនដៃដល់ប្រើបាញ់សម្លាប់អតីតប្រពន្ធ ក៏មិនទាន់ មានប្រភពបញ្ជាក់ពីសមត្ថកិច្ច ថា បានមកពីណានោះដែរ ។

សូមបញ្ជាក់ថា បើយោងតាម គណនេយ្យហ្វេសបុកផ្ទាល់ខ្លួនរបស់បុរសជាអតីតប្តី ដែលមានឈ្មោះ « ជា អូន សន្តិភាព » បានបង្ហោះនៅលើបណ្តាញសង្គម មុនពេលបាញ់សម្លាប់អតីតប្រពន្ធ ដោយបានថតវីឌីអូរប្រពន្ធ និងកូននៅក្នុងបន្ទប់ ភ្ជាក់ជាមួយនឹងខ្លឹមសារសរសេរថា ៖
ខ្ញុំសុំទោសម៉ាក់ប៉ាសងខាងកូនមិនចង់ធ្វើអញ្ចឹងទេ ព្រោះតែក្តីស្រលាញ់ខ្ញុំកាត់ចិត្តមិនបានហើយប្រពន្ធខ្ញុំគេមិនផ្ដល់ឱកាសឲ្យខ្ញុំទេខ្ញុំខំព្យាយាមខ្លាំងណាស់កន្លងមក ខ្ញុំប្រាប់ហើយថាកុំឱ្យកុហកខ្ញុំបំពាន ខ្ញុំស្រឡាញ់ប្រពន្ធខ្ញុំណាស់មិនចង់ឱ្យអ្នកណាបានប្រពន្ធខ្ញុំទេ កូនសុំទោសម៉ាក់ប៉ាខ្ញុំពិបាកធ្វើចិត្តខ្លាំងណាស់ ខ្ញុំមិនចង់បែកពីប្រពន្ធខ្ញុំទេសូមម៉ាកប៉ាជួយដាក់ខ្ញុំនិងប្រពន្ធរបស់ខ្ញុំជាមួយគ្នាអស់មួយជីវិត កូនសុំទោសម៉ាក់ប៉ាពូមីងបងប្អូនទាំងអស់ជួយមើលកូនខ្ញុំផង ទ្រព្យដែលខ្ញុំមាននិងប្រពន្ធខ្ញុំដល់ឱ្យនិងថែរក្សាកូនខ្ញុំផង កូនសុំទោសម៉ាក់ប៉ាពូមីងបងប្អូនទាំងអស់ក្តីស្រលាញ់ខ្ញុំកាត់ចិត្តមិនបាន ៕




