
បាត់ដំបង ៖ កសិករម្នាក់បានប្រមូលគ្រាប់មីនប្រភេទ (សញ្ញាលេខបូក) ចំនួន៤៧គ្រាប់យកទៅប្រគល់ជូនកងរាជអាវុធហត្ថស្រុករុក្ខគិរី ។
ហេតុការណ៍ខាងលើបានកើតឡើងកាលពីព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២២ ស្ថិតក្នុងភូមិព្រែកជីក ឃុំព្រែកជីក ស្រុករុក្ខគិរី ខេត្តបាត់ដំបង។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា កសិករខាងលើមានឈ្មោះ ហែម សុផល ស្នាក់នៅក្នុងខ្ទមស្រែ ត្រង់ចំណុចហុងទី៥ ស្ថិតក្នុងភូមិព្រែកជីក ឃុំព្រែកជីក ជាអ្នកប្រទះឃើញគ្រាប់មីនដ៏គ្រោះថ្នាក់នេះ ដោយគាត់អះអាងថា រើសបាននៅក្នុងដីស្រែដែលវាផុសចេញពីដី ។
កសិករខាងលើបានរើសប្រមូលគ្រាប់បែកទាំងអស់នោះយកទៅរក្សាទុកក្បែរគល់ឈើជាបណ្ដោះអាសន្ន មុនពេលគាត់រាយការណ៍ប្រាប់សមត្ថកិច្ច ។
ប្រភពីកងរាជអាវុធហត្ថបានឲ្យដឹងថា គ្រាប់មីននោះមានចំនួន៤៧គ្រាប់ជាប្រភេទមីន (សញ្ញាលេខបូក) ផលិតនៅអតីតប្រទេសសូវៀត ក៏ប៉ុន្តែគេនៅមិនបានបញ្ជាក់ពីគុណភាពនៃគ្រាប់មីនទាំងនោះទេ។
ប្រភពដដែលបានបញ្ជាក់ថា ក្រោយបានរាយការណ៍ប្រាប់មន្ត្រីកងរាជអាវុធហត្ថឲ្យទទួលយកគ្រាប់មីនទាំងនោះ ទៅរក្សាទុក ហើយពេលនេះមន្ត្រីកងរាជអាវុធហត្ថ បានផ្ដល់ព័ត៌មាននេះទៅកាន់អង្គភាពកំចាត់មីន ដើម្បីទទូលយកចាត់ការបន្តហើយ បន្ទាប់ពីទទួលបានពីកសិករខាងលើនេះរួច ៕