
ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តស៊េរីទំនើបមួយគ្រឿងក្នុងល្បឿនលឿន រេចង្កូតឆ្លងគន្លងផ្លូវហើយជ្រុលទៅបុករថយន្តកុងតឺន័រគ្រឿងទៀតដែលបើកបញ្រ្ចាសទិសគ្នាពេញទំហឹង បណ្តាលឲ្យមនុស្សម្នាក់រងរបួសធ្ងន់ ចំណែករថយន្ដរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ។
ហេតុការណ៍ហេតុការណ៍ខាងបានកើតឡើងកាលពីវេលាម៉ោង ១រំលងអធ្រាត្រឈានចូល ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ នៅលើបណ្តោយផ្លូវជាតិលេខ១ ស្ថិតនៅក្នុងសង្កាត់ព្រែកឯង ខណ្ឌច្បាអំពៅ រាជធានីភ្នំពេញ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា នៅមុនកើតហេតុគេបានឃើញបុរសម្នាក់ បើករថយន្តកុងតឺន័រក្បាលពណ៌សមួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ 3C-5193 ធ្វើដំណើតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនមធ្យម លុះមកដល់ត្រង់កន្លែងកើតហេតុ គឺស្ថិតនៅជាប់នឹងជញ្ជីងថ្លឹងរថយន្ត ស្រាប់តែឃើញរថយន្តស៊េរីទំនើបម៉ាកSANTAFE មួយគ្រឿងទៀត ពណ៌សពាក់ផ្លាកលេខ កម្ពុជា NOV.RINA បើកបរដោយបុរសម្នាក់ ដែលបើកបរក្នុងទិសដៅបញ្រ្ចាសគ្នាពីលិចទៅកើតក្នុងល្បឿនយ៉ាងលឿន ស្រាប់តែពេលមកដល់់កើតហេតុ បានរេចង្កូតរថយន្តទៅខាងឆ្វេងឆ្លងគន្លងផ្លូវ ហើយក៏ជ្រុលទៅបុករថយន្តកុងតឺន័រ ចំពីចំហៀងមុខខាងឆ្វេងយ៉ាងពេញទំហឹង បណ្តាលឲ្យរថយន្តកុងតឺន័រ រងការខូចខាតមួយកំណាត់មុខទាំងស្រុង ដាច់កង់មួយចំហៀង រីឯរថយន្តបង្កវិញ រងការខូចខាតផ្នែកខាងមុខស្ទើរទាំងស្រុង ចំណែកអ្នកបើកបររថយន្តស៊េរីទំនើបវិញ បានរងរបួសធ្ងន់ ត្រូវរថយន្តសាមុយដឹកយកទៅសង្រ្គោះបន្ទាន់ភ្លាមៗ។
បន្ទាប់ពីកើតហេតុសមត្ថកិច្ច ចុះមកធ្វើការវាស់វែងរួចស្ទូចយករថយន្តទាំង២គ្រឿង ទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយគ្នានៅពេលក្រោយ៕