
ក្រុងព្រះសីហនុ ៖ រថយន្តស៊េរីទំនើបមួយគ្រឿង បើកបម្រុងនឹងចូលចាក់សាំងមិនប្រយ័ត្នក៌ជ្រុលចង្កូតបុកជាមួយនឹងបង្គោលភ្លើងបំភ្លឺផ្លូវមួយដើម បណ្ដាលឲ្យរថយន្តខាងលើរងការខូចខាតចំផ្នែកខាងមុខយ៉ាងដំណម តែមិនបណ្ដាលឲ្យមនុស្សរងរបួសទេ។ហេតុការណ៍ខាងលើនេះ កើតឡើងកាលពីវេលាម៉ោង ១១:៣០នាទីយប់ថ្ងៃទី ០៨ ខែមិថុនា ឆ្នាំ២០២២ នៅលើបណ្ដោយផ្លូវឯករាជ្យ ទល់មុខជាមួយនឹងការ៉ាស់សាំងតូតាល់ផ្សារលើ ស្ថិតនៅក្នុងភូមិ០២ សង្កាត់០២ ក្រុងព្រះសីហនុ។
ប្រភពពីសមត្ថកិច្ចនឹងបងប្អូនប្រជាពលរដ្ឋរស់នៅក្បែរកន្លែងកើតហេតុបានឲ្យដឹងទៀតថា នៅមុនពេលកើតហេតុគេបានឃើញមានរថយន្តស៊េរីទំនើបម៉ាក Porsche Cayenne ពណ៌សពាក់ស្លាកលេខ ភ្នំពេញ 2AL-6099 បើកបរដោយបុរសជនជាតិចិន បណ្ដោយផ្លូវឯករាជ្យ បានទៅបុកជាមួយនឹងបង្គោលភ្លើងបំភ្លើផ្លូវបណ្ដាលឱ្យដួលទៅនឹងដី ចំណែករថយន្តខាងលើរងការខូចខាតចំផ្នែកខាងមុខទាំងស្រុង។
បន្ទាប់ពីកើតហេតុ គេឃើញមានសមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោក បានចុះមកអន្តរាគមន៍ដល់ទីតាំងកន្លែហកើតហេតុ រួចបាននាំយករថយន្តបង្កខាងលើយកទៅការិយាល័យដើម្បីធ្វើការសាកសួរ ចំណែកឯវត្ថុតាងត្រូវបានវាស់វែងនិងលើកយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍នឹងធ្វើការដោះស្រាយទៅតាមនិតិវិធីផ្លូវច្បាប់៕