
ភ្នំពេញ ៖ ពួកក្រុមក្មេងទំនើងមួយក្រុមជិះម៉ូតូជាច្រើនគ្រឿង ប្រដាប់ដោយដាវដេញកាប់លើយុវជនមួយក្រុមទៀត បណ្តាលឲ្យមនុស្សម្នាក់រងរបួសនិងម៉ូតូ០២គ្រឿងទៀតរងរខូចខាត។
ហេតុការណ៍ខាងលើកើតឡើងកាលពី វេលាម៉ោង ៩ៈ៣០នាទីយប់ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២២ នៅលើបណ្តោយផ្លូវបេតុង ស្ថិតក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ប្រភពពីជនរងគ្រោះបានឲ្យដឹងថា មុនកើតហេតុ រូបគេរួមនិងមិត្តភក្តិនាំគ្នាមកអង្គុយលេង នៅខាងមុខផ្សារខេម៉ល តាំងពីម៉ោង៦ល្ងាចមកម្លេះ លុះ២ម៉ោងក្រោយមក ស្រាប់តែមានក្មេងទំនើងមួយក្រុម ជិះម៉ូតូជាច្រើនគ្រឿង ប្រដាប់ទៅដោយដាវរួចក៏ចុះដេញទៅកាប់ម៉ូតូ២គ្រឿង បណ្តាលឲ្យរងការខូចខាត រួចក៏រត់ទៅកាប់លើបុរសជាជនរងគ្រោះមួយដាវ ចំស្មាខាងក្រោយ បណ្តាលឲ្យរងរបួសដេរជាច្រើនថ្នេរ បន្ទាប់មកក៏ជនបង្ក បោះពាក្យសំដីថា(បើចង់រកពួកអញ មកលូ៥មក) រួចក៏នាំគ្នាជិះម៉ូតូរត់គេចខ្លួនបាត់ស្រមោល។
បន្ទាប់ពីកើតហេតុខាងលើ ដោយភាគីជនរងគ្រោះ មិនចង់មានរឿងវែងឆ្ងាយ បាននាំគ្នាយកម៉ូតូជិះទៅផ្ទះវិញតែម្តងទៅ ៕