
ភ្នំពេញ ៖ បុរសស្បែកខ្មៅម្នាក់ត្រូវសន្តិសុខឃាត់ខ្លួន បន្ទាប់ពីផ្លោះរបងចូលក្នុងសាលាភាសាបារាំង ដើម្បីធ្វើសកម្មភាពលួចទ្រព្យសម្បត្តិ។
ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង១០ៈ៥០នាទីយប់ ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២២ នៅមុខសាលាភាសាបារាំង ក្រោយស្ថានទូតអាមេរិក ផ្លូវ១០២ ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។
ប្រភពពីសន្តិសុខ បានឲ្យដឹងថា ពេលដែលពួកគេកំពុងដើរល្បាតមើលជុំវិញសាលា ស្រាប់តែប្រទះឃើញជនសង្ស័យម្នាក់ផ្លោះរបងចូលទៅក្នុងសាលាធ្វើសកម្មភាព ប៉ុនប៉ងលួចទ្រព្យសម្បត្តិ។
ហើយពួកគេ ជាបុគ្គលិកសន្តិសុខក្រុមហ៊ុនឯកជន ក៏បានធ្វើការឃាត់ខ្លួនភ្លាមៗតែម្តង បន្ទាប់ពីឃាត់ខ្លួនបានហើយ ជនសង្ស័យខាងលើមិននិយាយស្តីអ្វីទាំងអស់ បុគ្គលិកសន្តិសុខបញ្ជាក់ថា សាលាខាងលើនេះ មិនអនុញ្ញាតឱ្យមានមនុស្សចេញចូលពេលយប់ឡើយ សូម្បីតែបុគ្គលិក ក៏មិនត្រូវបានអនុញ្ញាតឱ្យចូលដែរ។
បច្ចុប្បន្ន ជនសង្ស័យដែលជាជនជាតិស្បែកខ្មៅខាងលើ ត្រូវបានសន្តិសុខសាលា ចាប់ប្រគល់ឱ្យសមត្ថកិច្ចមូលដ្ឋាន ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ហើយ៕