
ព្រៃវែង ៖ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានគូសបញ្ជាក់ថា មានភាពរលូនល្អ នៃដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ចាប់តាំងពីយុទ្ធនាការឃោសនា រហូតដល់ការបោះឆ្នោត ដែលទាំងនេះកើតចេញពីការត្រៀមលក្ខណៈ ទាំងបេក្ខជនឈរឈ្មោះ របស់គណបក្សនយោបាយ និងទាំងប្រជាពលរដ្ឋជាម្ចាស់ឆ្នោត។
ឯកឧត្តម ថ្លែងបែបនេះក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន កាលពីព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ក្នុងឱកាសដែលឯកឧត្តម អញ្ជើញទៅបោះឆ្នោត នៅការិយាល័យសាលាបឋមសិក្សាព្រៃវែងក្រុង ខេត្តព្រៃវែង ។
ឯកឧត្តម បានកត់សម្គាល់ថា ប្រជាពលរដ្ឋជាម្ចាស់ឆ្នោតលោកបានទន្ទឹងរង់ចាំការបោះឆ្នោតមកដល់ អ៊ីចឹងខ្ញុំគិតថាពួកគាត់ត្រៀមលក្ខណៈ ទាំងការត្រៀមពីប្រជាពលរដ្ឋផង ទាំងការត្រៀមពីបុគ្គលជាក្រុមប្រឹក្សាឃុំ សង្កាត់ ដែលត្រូវឈរឈ្មោះតតាំងគ្នានៅអាណត្តិទី៥នេះ គឺសុទ្ធតែត្រៀមលក្ខណៈបានល្អគ្រប់ៗគ្នា។ ដូច្នេះហើយបានជាមកដល់ពេលនេះ ទូទាំងប្រទេស មិនទាន់មានសកម្មភាព[មិនប្រក្រតីណាមួយ]គួរឱ្យកត់សម្គាល់នោះទេ ។
ឯកឧត្តម ស សុខា បានកត់សម្គាល់ដែរថា ជាការពិតការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នៅកម្ពុជា មានរយៈពេល ២០ឆ្នាំ មកហើយ ប៉ុន្តែរយៈពេលនេះហាក់នៅក្មេងខ្ចីនៅឡើយសម្រាប់ដំណើរការប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិនៅកម្ពុជា។ ឯកឧត្តមបន្តទៀតថា«អ៊ីចឹងខ្ញុំគិតថាយើងត្រូវតែបន្តធ្វើការងារនេះទៀតដើម្បីគោលដៅមួយធំបំផុតដែលយើងចង់បាន គឺថែរក្សាសុខសន្តិភាព ហើយជាពិសេសស្ថិរភាពនយោបាយ និងផ្ដល់នូវការសម្រេចចិត្តនៅថ្នាក់ក្រោមជាតិ ឱ្យបានច្រើន»៕